កម្លាំងល្បាតនគរបាលសង្កាត់បាវិតឃាត់ខ្លួនជនសង្ស័យបានម្នាក់និងវត្ថុតាងថ្នាំញៀនមួយចំនួនធំបន្ទាប់ពីជននេះជិះម៉ូតូគេចពីសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្ទាក់ឃាត់ខ្លួនបន្ទាប់ពីជិះម៉ូតូពេលយប់អធ្រាត្រម្នាក់ឯង ហើយពេលឃើញសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតក៏ទម្លាក់ថង់អីវ៉ាន់ចោលរួចបង្កើនល្បឿនម៉ូតូគេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅចំណុចផ្លូវបេតុងខាងត្បូងវត្តតាឡុកក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះង្វៀង ថាន់ហាវ អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុមទី៣ ខេត្តតៃនិញ។

ប្រភពបន្តថា សមត្ថកិច្ចបានដកហូតថង់អីវ៉ាន់ដែលក្នុងនោះមានម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ១២កញ្ចប់ធំនិង១ដុំធំរួមជាមួយម៉ូតូមួយគ្រឿងផងដែរ។

ប្រភពបន្តថា នៅវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែកក្កដាឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានចេញល្បាតចល័តតាមភូមិសាស្រ្ត លុះមកដល់ត្រង់ចំណុចផ្លូវបេតុងខាងត្បូងវត្តតាឡុកស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកAtelaពណ៌ទឹកប៊ិកពាក់ស្លាកលេខ៥៥-Y៤.៤០៧១ ខណៈជួបសមត្ថកិច្ចជនសង្ស័យបានបោះថង់អីវ៉ាន់ចោល រួចជិះម៉ូតូយ៉ាងលឿនគេចទៅទិសខាងកើត។ដោយមានការសង្ស័យសមត្ថកិច្ចបានដេញតាមឃាត់ខ្លួនបាននាំមកពិនិត្យមើលអីវ៉ាន់ឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀននិងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវរកមុខសញ្ញាបន្តទៀត៕ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print