ក្មេងស្រីដែលត្រូវពស់ពព្លាក់ចឹកកំពុង​សង្គ្រោះ​នៅមន្ទីរពេទ្យ​ព្រះកេតុមាលា

ចែករំលែក៖

ខេត្ត​កែប​៖​ ក្មេងស្រីរងគ្រោះម្នាក់រស់ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ​ ​ស្ថិតក្នុង​ក្រុងកែប​ខេត្ត​កែប​ ត្រូវសត្វពស់មាន​ពិសចឹករហូត​ពិសជ្រាបពេញខ្លួនសន្លប់​ស្តូកស្តឹងនៅក្រោមដេីមឈេីដែលនាងជ្រក​ ហេីយ​បា​ន​នាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ រាជ​ធានី​ភ្នំពេញ​ ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកែបប្រាប់ថា​ ក្មេងស្រីរងគ្រោះឈ្មោះ​ ចរិយា​ អាយុ១៦ឆ្នាំ នាងមានជីវភាពក្រីក្រ​ រស់នៅក្នុងក្រុងកែប ខេត្តកែប ។

លោកប្រាប់បន្តថា​ តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ គឺនាងបានយកកន្ទេល​ ទៅក្រាល​នៅក្រោមដើមឆត្រដើម្បីរង់ចាំភ្ញៀវចូលមកអង្គុយលេងនឹងបានកម្រៃខ្លះ តែខណៈនាងកំពុងអង្គុយនៅក្រោមដើមឈើមួយនោះ​ ស្រាប់តែត្រូវពស់ពព្លាក់មួយក្បាលហក់ពីលើដើមឆត្រមកចឹកចំស្មាខាងឆ្វេងរបស់នាងបណ្ដាលឲ្យនាងរបួសធ្ងន់សន្លប់ឈឹងហើយត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកេតុមាលា​ដើម្បីជួយសង្គ្រោះ ។ លោកបានប្រាប់បន្តថា​ មកទល់នឹងពេលនេះក្រុមគ្រូពេទ្យក៏មិនទាន់វាយតម្លៃថាយ៉ាងណានោះទេ ព្រោះកំពុងធ្វើការតាមដានជំងឺនៅឡើយ។

លោក​បញ្ជាក់​ប្រាប់​ទៀតថា​ ករណីនេះបានកើតឡើងកាលពីអំឡុងម៉ោង៩​និង​៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងក្រុងកែប ខេត្តកែប​ ខណៈ​ដំណឹង​ ក្មេងស្រីរងគ្រោះត្រូវពស់ពិសចឹកបាន​ ចែកចាយលេីបណ្តាញទំនាក់ទំនង​ហ្វេសប៊ុក​ ។

មកដល់ល្ងាច​ថ្ងៃ​ខែដដែលនេះ​ ក្មេងស្រី​ រងគ្រោះ​មិនទាន់មានការបញ្ជាក់អះអាង​ ថាបានធូរ​ស្រាលពីសំណាក់គ្រូពេទ្យយ៉ាងណានោះទេ​ ខណៈ​ដែលជនរងគ្រោះត្រូវបាន​ពស់មានពិសចិកនៅស្មាខាងឆ្វេងនៅជិត​នឹង​បេះដូងតែម្ដង​ ។

ដោយក្តីអាណិតអាសូរក្នុងនាមខ្មែរដូចគ្នា​ លោកឧត្តមសេនីយ៍ស្នងការ​នគរបាលខេត្តកែបបានជួយឧបត្ថម្ភថវិកាចំនួន​២០០.០០០រៀល​ដើម្បីជួយសម្រួល
ដល់ក្រុម​គ្រួសារ​ក្មេងស្រីរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ​ពេទ្យរាជធានីភ្នំពេញ ។ លោកក៏​សូមជូនពរប្អូនឆាប់ជាសះស្បើយឡើងវិញ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print