“យុទ្ធក្រមខម” ដែលជាក្បាច់ប្រយុទ្ធនិងជាអាវុធដ៏សម្បើមរបស់ខ្មែរជំនាន់ដើម កូនខ្មែរបច្ចុប្បន្នភាគច្រើនមិនសូវស្គាល់ទេ

ចែករំលែក៖

ភ្នំពេញ៖ ក្បាច់គុនជាច្រើនតាំងពីសម័យបុរាណដែលដូនតាខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ន ក្នុងនោះមានក្បាច់​ពិជ័យ​សង្គ្រាម​ឬ​យុទ្ធក្រមខម​ គឺជាក្បាច់គុនមួយក្នុង​ចំណោម​ក្បាច់គុន​ខ្មែរដទៃផ្សេងទៀត​ដែល​មាន​អាយុ​កាលដ៏​យូរ​លង់​ណាស់​មក​ហើយ ហើយដែល​មាន​វ័យ​ចំណាស់​មួយនៅ​ក្នុង​តំបន់ និង ពិភពលោក​ផងដែរ។

លោក ​ច័ន្ទ សុវណ្ណរតន: ដែល​ជា​អនុ​ប្រធាននៃ​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា បាន​ឲ្យ​ដឹងថា ​សហព័ន្ធ​យុទ្ធក្រម​ខម​ ​ត្រូវ​បាន​បង្កើត​ឡើងដំបូង​កាលពី​ឆ្នាំ​២០១១ ហើយ​ក្បាច់​គុន​យុទ្ធក្រម​ខម​នេះ​ជាក្បាច់គុនមួយដែលត្រូវបានយក​ទៅ​បង្កើត​ជា​ក្បាច់​គុន​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​យក​ទៅ​បង្ហាត់ដល់ពលទាហាន​ខ្មែរនៅ​ទូទាំង​ប្រទេស ដូច​ជា​ប៉ូលិស ​ប៉េអឹម ជាដើម​។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ​ក្បាច់​គុន​យុទ្ធក្រម​ខម​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុ​ង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ព្រះ​អង្គបាន​ប្រមូលផ្តុំ​ ក្បួន​ខ្នាត​៣​សម័យ​កាល​បញ្ចូលគ្នា​គឺ​សម័យ​កាល​នគរភ្នំ​ សម័យ​នគរចេន​ឡា​ និង​សម័យ​មហា​អាណាចក្រ​អង្គរ ដោយទ្រង់ប្រសិទ្ធ​​នាម​ថា ​មហាមឆ​វៈគុន​មហា​យុទ្ធក្រម​ខម​ ឬ​ក្បួន​ពិជ័យ​សង្រ្គាមខ្មែរ​មហានគរ។ យុទ្ធក្រម​ខម​នេះ ​គឺ​ជា​អាវុធ​ដ៏​សម្បើម​សម្រាប់ការពារ​ជាតិ​ទឹក​ដីនគរ និង​សាសនា​ពី​ពួក​បច្ចា​មិត្ត​ដែល​ចូល​មក​ឈ្លាន​ពាន​ទឹក​ដី​របស់​យើង​។

យុវជន​ ផិន​ ច័ន្ទសុភ័ក្ត្រ ​ជា​សិស្សម្នាក់កំពុង​ហាត់​រៀន​ក្បាច់​គុនយុទ្ធក្រម​ខម​បាន​ឲ្យ​ដឹង​ថា ខ្លួន​បានចូល​​ហាត់​រៀន​ក្បាច់​គុន​នេះអស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ហើយ​មូល​ហេតុ​ដែល​​រូបខ្លួនចូលហាត់​​រៀនក្បាច់​គុន​បុរាណ​ខ្មែរមួយ​នេះ ​ដោយសារតែខ្លួនចង់អភិរក្សក៏ដូចជាមានចិត្ត​ស្រលាញ់ក្បាច់គុនបុរាណខ្មែរ និងដើម្បី​ពង្រឹង​ដល់​សុខភាព​ផងដែរ។ យុវជន​រូប​នេះបានបន្តទៀត​ថា នៅ​អំឡុង​ពេល​ដែល​ហាត់​ដំបូងៗ ​ពិត​ជា​មានការ​ឈឺចាប់​ខ្លួន​ប្រាណ​បន្តិច​មែន តែ​នៅ​ពេល​ដែល​យើង​ហាត់យូរៗ​ទៅ ​គឺ​ធ្វើ​ឲ្យ​យើង​សុំា ថែម​ទាំង​អាច​​​ជួយ​ដល់​រាងកាយ​និង​សុខភាពឲ្យ​​ល្អ​មាំមួន​ទៀត​ផង​ ។

ចំណែកកុមារី សុខ​ ដារ៉ា​ម៉ាដាលីស និង​ឃុន សម្បត្តិដាវីយ៉ា​វិញបានឲ្យដឹងដែរថា ប្អូន​ស្រីចូល​ហាត់​ក្បាច់​គុននេះព្រោះតែទឹកចិត្តស្រលាញ់ និងចង់​អភិរក្សក្បាច់​គុន​បុរាណ​របស់​ខ្មែរ​។​ចំណែក​អ្នកផ្ទះ​ក៏មិន​មាន​ការ​ជំទាស់ឬ​មាន​ការ​រារាំងអ្វី​នោះដែរ តែ​គាត់​ថែមទាំង​ជំរុញនិង​លើកទឹកចិត្ត​បន្ថែម​ទៀត។​ ជាមួយគ្នា​នេះ​ដែរ​ប្អូន​ស្រី​ទាំង​ពីរក៏​សូម​អំពាវ​នាវ​ឲ្យ​យុវតី​ខ្មែរ​ចូល​មក​ហាត់​ក្បាច់​គុន​នេះឱ្យបានកាន់​តែ​​ច្រើនបន្ថែម​ទៀត​​​ ព្រោះអាច​​ចំណេញ​បាន​ទាំង​សុខភាព រួម​ទាំង​បាន​ចេះ​ក្បាច់​គុន​ទុកសម្រាប់​ការពារ​ខ្លួន​ផងដែរ។

យ៉ាងណាមិញ ​សម្រាប់​សិស្សានុសិស្ស​ ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូល​មកហាត់រៀន​ក្បាច់​គុន​នេះ ​គឺ​មិន​កំណត់​ប្រុស​ស្រី​នោះ​ទេ តែ​សិស្ស​ទាំង​អស់​ត្រូវ​មាន អាយុ​ចាប់​ពី​៩​ឆ្នាំ​ឡើង​ មាន​រាងកាយ​មាំ​មួន ល្មម​អាច​ហាត់​ពត់​ខ្លួន អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ ទើប​អាច​ចូល​ហាត់​រៀន ​ក្បាច់​គុន​នេះ​បាន​​​។

លោក ​វិន​ សុភត្រា​ (នរ:សខ្លា​) ដែលជា​គ្រូ​បង្វឹក​​មួយ​រូប​​ប្រចាំ​សហព័ន្ធ​យុទ្ធ​ក្រម​ខមកម្ពុជា​ លោក​បានចូល​ហាត់​រៀនក្បាច់​គុន​យុទ្ធក្រម​ខម​នេះ​​​អស់​រយៈពេល​១១​ឆ្នាំ​ ហើយគឺតាំងពីឆ្នាំ​២០១២មក ​លោក​ក៏​បាន​ក្លាយ​ទៅ​ជាគូ្រ​​បង្ហាត់បន្តមួយ​រូប​។​លោក​​បាន​ឲ្យ​ដឹង​ថា​ ជាទូទៅការ​ហ្វឹកហាត់​របស់ក្បាច់​គុន​យុទ្ធ​ក្រម​ខម​នេះ​ដំបូង​ឡើយ​គឺ​ត្រូវ​មានការ​ហាត់​នូវចលនា​បឋម ​(ហាត់​ចលនា​សន្លាក់​​ដៃ ​ជើង​និងក) ដើម្បី​បង្ការកុំ​ឲ្យមានការថ្លោះ​ គ្រេច​ អំឡុង​ពេល​ហ្វឹកហាត់ ពេលឈរ អង្គុយ ​​វាយ​ជាដើម។ បន្ទាប់​មក​ទើប​ឈាន​ដល់​កា​រ
ហ្វឹកហាត់​ជំហរ គឺមាន​ជំហរសម្រាប់រង និង​ជំហរសម្រាប់​វាយ​តប​តទៅ​វិញ និង​ក្បាច់​បន្ត​ទៀត​ មានដូច​ជា​ក្បាច់​ដៃ​ កែង ជង្គង់  និង​​ក្បាច់​ជើង​ជាដើម​។

ជាចុងក្រោយ​ លោក ​វិន​ សុភត្រា​ (នរ:សខ្លា​) ​ក៏មានជាសារចូលរួមផ្តាំផ្ញើក្នុង​នាម​ជា​គ្រូក្បាច់​គុន​មួយ​រូប​ និងជា​ប្រជា​ពលរដ្ឋខ្មែរ​លោក​សប្បាយចិត្ត​នៅ​ពេល​ដែលបាន​ឃើញ​កូន​ខ្មែរ​មិន​ថាប្រុស​ឬ​ស្រី​បាន​ចូល​មកហាត់​ក្បាច់​គុន​យុទ្ធក្រម​ខម​នេះ​ ហើយ​លោក​ក៏​សំណូម​ពរ​ឲ្យនៅ​តែ​បន្ត​តទៅទៀត ​ព្រោះ​នេះ​ជា​ក្បាច់​គុន​របស់​យើង​និង​ជា​ក្បាច់​គុន​របស់​ប្រទេស។​

ស្របពេល​ដែលលោក​​ច័ន្ទ សុវណ្ណរតន: ដែល​ជា​អនុ​ប្រធាន​នៃសហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា ក៏​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​ទាំងអស់​​មិន​ថា​ប្រុស​ឬស្រី ​សូម​ជួយ​ចូល​រួម​អភិរក្សក្បាច់​គុន​បុរាណ​ខ្មែរ ដែល​ជា​សម្បត្តិវប្បធម៌​ខ្មែរ ហើយ​ចូល​រួមផ្សព្វ​ផ្សាយ​សម្បត្តិ​វប្ប​ធម៌​ខ្មែរទៅ​ឲ្យ​បរទេស​បានយល់​បាន​​ស្គាល់បាន​ដឹង ក្នុង​នាម​ជា​កុលបុត្រ​ខ្មែរជំនាន់​ក្រោយ​ទាំង​អស់​គ្នាផងដែរ៕ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print