ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិនមួយក្រុមបានចាប់បង្ខាំងនិងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាម្នាក់ទៀត កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានរំដោះជនរងគ្រោះ និងចាប់បានជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រី្តម្នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះថា សម្រាប់ប្រតិបត្តិការនេះលោកបានដឹកនាំកម្លាំងកងរាជអាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម
ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំបញ្ជាដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់នោះរួមមាន៖ ទី១-ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ, ទី២-ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ, ទី៣-ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ, ទី៤-ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ, ទី៥- ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ, ទី៦-ឈ្មោះ Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ និងទី៧-ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ។
ដោយឡែក ជនរងគ្រោះដែលកម្លាំងសមត្ថកិច្ចរំដោះបានមានឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។
ក្រោយប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថបានដកហូតវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួនរួមមាន៖ រថយន្តចំនួន១គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9891, ម៉ូតូចំនួន១គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន២គ្រាប់ និងម្សៅសថ្លាចំនួន១កញ្ចប់ (សង្ស័យជាថ្នាំញៀន)
, ត្រាក្រហមចំនួន៨ត្រា, កាតធនាគារ ចំនួន៥៤សន្លឹក, ខ្នោះដៃចំនួន៣, ម៉ាស៊ីនផ្លុំសក់ចំនួន១, វ៉ាលិសចំនួន២ (តូច១ និងធំ១), ទូរស័ព្ទដៃចំនួន៦គ្រឿង , ដំបងឆក់ ចំនួន១ដើម, ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ចំនួន១គ្រឿង និងឯកសារមួយចំនួនទៀត, ឧបករណ៍សម្រាប់ឆែកទិន្នន័យធនាគារមួយចំនួន, លិខិតឆ្លងដែន ចំនួន៣ច្បាប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, កាបូបដៃចំនួន១, សុីមទូរស័ព្ទមួយចំនួន, អត្តសញ្ញាណប័ណ្ណមួយចំនួន, ឈើចាក់ធ្មេញចំនួន១ដុំ, ឧបករណ៍ឆែកទិន្នន័យធនាគារចំនួន១៣គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ឆ្លាម សមុទ្រ