ក្រុមហ៊ុនអចលនទ្រព្យរបស់ថៃ ដែលបានចុះបញ្ជី គ្រោងនឹងត្រៀមរៀបចំថវិកាវិនិយោគ ដែលមានតម្លៃ ៦០ពាន់លានបាតដើម្បីទិញដីនៅក្នុងឆ្នាំនេះសម្រាប់អភិវឌ្ឍគម្រោងគេហដ្ឋាន និងការវិនិយោគបរទេស រហូតដល់ចុងឆ្នាំនេះ។
ភាគច្រើននៃក្រុមហ៊ុនទាំងនោះ បានសម្តែងភាពជឿជាក់ថា ទីផ្សារអចលនទ្រព្យក្នុងស្រុកនឹងចាប់ផ្តើមកើនឡើងក្នុងជំហានថ្មីមួយក្នុងឆ្នាំនេះ ដោយសារតែការវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
លោកThongma Vijitpongpun ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យPruksa Real Estate បានមានប្រសាសន៍ថា យើងបានគ្រោងរៀបចំថវិកាវិនិយោគប្រហែលជា ១៤ពាន់លានបាតក្នុងឆ្នាំនេះដើម្បីទិញដីដែលស្ថិតក្រោមការអភិវឌ្ឍគម្រោងគេហដ្ឋាននៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ពីព្រោះយើងសង្ឃឹមថា ទីផ្សារអចលនទ្រព្យក្នុងស្រុកនឹងរក្សាកំណើនប្រចាំឆ្នាំចន្លោះពី៥ទៅ៧ភាគរយរហូតដល់ឆ្នាំ២០២០។
លោកបានបន្ថែមទៀតថា នេះដោយសារតែយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការពង្រីកការវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា គម្រោងផ្លូវនៅក្នុងទីក្រុងបាងកក និងជាយក្រុង និងគម្រោងប្រព័ន្ធផ្លូវដែកជាច្រើនទៀត។
យើងសង្ឃឹមថា នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការទិញដីដែលកំពុងតែធ្វើការអភិវឌ្ឍសម្រាប់ការអភិវឌ្ឍគម្រោងគេហដ្ឋានរបស់យើងនាពេលអនាគត តាមរយៈការផ្តោតការយកចិត្តទុកដាក់ឱ្យជិតស្និទ្ធទៅលើគម្រោងទាំងអស់នោះ។
ខណៈពេលនេះដែរ ក្រុមហ៊ុនអចលនទ្រព្យ Land & Houses បានបោះទុនវិនិយោគប្រមាណជា ១៤ពាន់លានបាត ពោលគឺពាក់កណ្តាលត្រូវបានចំណាយទៅលើការទិញដី និងនៅសល់ចំណាយទៅលើការទិញ និងជួសជុលគម្រោងអាផាតមិន និងសណ្ឋាគារនៅក្នុងទីក្រុងThoglorនិងPattayaជាដើម។
បើទោះបីជាយើងបានប៉ាន់ស្មានថា ទីផ្សារអចលនទ្រព្យក្នុងឆ្នាំនេះនឹងកើនឡើងចន្លោះ ១ភាគរយ និង២ភាគរយក៏ដោយ ក៏យើងចាំបាច់ត្រូវតែធ្វើការវិនិយោគដើម្បីទិញដីក្នុងការបម្រើតម្រូវការពាណិជ្ជកម្មរបស់យើងក្នុងឆ្នាំនេះ និងឆ្នាំក្រោយទាំងនៅក្នុងទីក្រុងបាងកក និងខេត្តជាច្រើនផ្សេងទៀតដែរ។
លោក Naporn Suthornchitchroen ប្រធានក្រុមហ៊ុន Land & Houses បានមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលចាប់ផ្តើមវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៅពាក់កណ្តាលទី២នៃឆ្នាំនេះ តម្លៃដីនៅទីក្រុងបាងកក និងខេត្តជាច្រើនទៀត នឹងចាប់ផ្តើមកើនឡើង។ ដូចនេះ វាជាពេលវេលាដ៏ល្អក្នុងការទិញដីដើម្បីធ្វើការវិនិយោគនៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។
ក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជី និងមិនបានចុះបញ្ជីនោះ កំពុងតែគ្រោងទិញដីដើម្បី អភិវឌ្ឍន៍គេហដ្ឋាន។ការវិនិយោគរួមរបស់ពួកគេមានប្រហែលជា ៦០ពាន់លានបាត៕