ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តបព្វវនារាម (ហៅវត្តស្រែរនាមខាងជើង) ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានរៀបចំពិធី បុណ្យរុក្ខាទិវា ៩កក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោកនូ ភឿង ប្រធានក្រុមប្រឹក្សាភិបាលខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីនៅហឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ សមត្ថកិច្ច មន្រ្ដីរាជការ ជំនាញរដ្ឋបាលព្រៃឈើ និងប្រជាពលរដ្ឋជិត៦០០នាក់។
លោកគង់ គឹមនី អភិបាលនៃគណៈអភិបាលស្រុកស្នួល បានឡើងអានរបាយការណ៍ស្ដីអំពីការអភិវឌ្ឍក្នុងមូលដ្ឋាន បញ្ហាការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការបង្កបង្កើនផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន។ ក្នុងនោះលោកអភិបាលស្រុក ក៏បានលើកឡើងអំពីវិធានការ ទប់ស្កាត់ចំពោះបទល្មើសក្នុងសង្គម ជាពិសេសក្នុងនាមជាគណៈបញ្ជាការឯកភាពស្រុក ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារ អភិរក្សព្រៃឈើ និងជម្រុញឲ្យសមត្ថកិច្ចសហការជាមួយនឹងជំនាញរដ្ឋបាលព្រៃឈើ បង្រ្កាបការកាប់បំផ្លាញឈើល្មើសច្បាប់ជាដើម។
លោកទ្រី សុភ័ក្រ្ដ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានឡើងអានពីរបាយការណ៍ចំពោះលទ្ធផលទប់ស្កាត់បទល្មើសព្រៃឈើ ការចូលរួមចំណែកនិងបំផុសប្រជាពលរដ្ឋការពារព្រៃឈើ សត្វព្រៃ ក្នុងនោះលោកក៏បានលើកឡើងអំពីបុណ្យទិវារុក្ខា៩កក្កដា បានប្រារព្ធធ្វើជាលើកដំបូងនៅក្នុងឆ្នាំ១៩៩២ ហើយពិធីបុណ្យរុក្ខាទិវានេះ ក៏ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំមកទល់នឹងបច្ចុប្បន្ន។
លោកទ្រី សុភ័ក្ត្រ បន្តថា ដើម្បីអនុវត្តតាមគោលការណ៍របស់ក្រសួងកសិកម្ម ក៏ដូចជារដ្ឋបាលព្រៃឈើ អង្គភាពរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានដាំដើមឈើសរុបបានចំនួន១១៦.១៣១ដើម ក្នុងនោះ ស្ថិតនៅក្នុងចំណុច១-គោងាប់ខេត្តក្រចេះ ៤៣.៧៨៦ដើមលើផ្ទៃដី១៥.៧៣ហិកតា, ២ ប្រាសាទស្រុកក្រចេះ ២.១០០ដើម លើផ្ទៃដី ២០០ហិកតា,៣ រមណីយដ្ឋានភ្នំព្រះ ស្រុកឆ្លូង ២៦.០០០ ដើម លើផ្ទៃដី ១៥.៦០ហិកតា,៤ ភ្នំសំរោង ស្រុកព្រែកប្រសព្វ ១៧.០៧៣ដើម លើផ្ទៃដី ៩.០០ហិកតា, ៥ ភ្នំលោកស្រុកព្រែកប្រសព្វ ៤.២១៥ដើម លើផ្ទៃដី ៤.០០ហិកតា, ៦ ផ្លូវម៉ាហ្គេត ស្រុកព្រែកប្រសព្វ ៤.២០០ដើម លើផ្ទៃដី ៤.០០ហិកតា, ៧ ឃុំស្នួល ស្រុកស្នួល ៣.៦០០ដើម លើផ្ទៃដី ២.០០ហិកតា, ៨ ឃុំសំបុក ស្រុកចិត្របុរី( ២០១០) ៤.០៥០ដើម លើផ្ទៃដី២០០ហិកតា, ៩ ឃុំសំបុក ស្រុកចិត្របុរី (២០១១) ១.៤៨០ដើម លើផ្ទៃដី២.០០ហិកតា, ១០ ឃុំឃ្សឹម ស្រុកស្នួល (២០១២) ៣.៥០៧ដើម លើផ្ទៃដី២.០០ហិកតា, ១១ ឃុំឃ្សឹម ស្រុកស្នួល(សួនអាពាហ៍ពិពាហ៍) ២.៧០០ដើម លើផ្ទៃដី ២.០០ហិកតា, ១២ ឃុំ២ធ្នូ ស្រុកស្នួល(២០១៤) ១.៣២០ដើម លើផ្ទៃដី ២.០០ហិកតា, ១៣ ភូមិព្រែករនាម ឃុំឃ្សឹម ស្រុកស្នួល ២.១០០ដើម លើផ្ទៃដី២.០០ហិកតា និងបានដាំនៅតាមវត្តអារាម តាមសាលារៀន និងតាមទីសាធារណៈមួយចំនួនទៀត។
លោកទ្រី សុភ័ក្រ្ដ បានបញ្ជាក់ថា សមិទ្ធិផលខាងលើនេះបានមកដោយសារការខិតខំប្រឹងប្រែង ចូលរួមទាំងកម្លាំងកាយចិត្ត របស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រពីអាជ្ញាធរ រដ្ឋអំណាចគ្រប់ថ្នាក់៕ សុខ ខេមរា
លោកនូ ភឿង អញ្ជើញជាអធិបតីពិធីបុណ្យរុក្ខាទិវា៩កក្កដានៅវត្តបព្វវនារាម
...