ម្ចាស់ជើងឯកពិភពលោកកីឡាជិះស្គីលើទឹកកករបស់អូស្ត្រាលីកីឡាករ Alex Pullin បានលង់ទឹកស្លាប់ ខណៈពេលដែលគាត់កំពុងនេសាទត្រីនៅឆ្នេរខ្សាច់ Gold Coast កាលពីថ្ងៃពុធ ទី៨ ខែកក្កដាដែលបានធ្វើឱ្យសហគមន៍កីឡារដូវរងាររបស់ប្រទេសនេះសម្តែងការសោកស្តាយ និងកាន់ទុក្ខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia។
ទូរទស្សន៍រដ្ឋរបស់អូស្រ្តាលីបានរាយការណ៍ថា សាកសពរបស់ Pullin ដែលជាអ្នកកាន់ទង់ជាតិអូស្រ្តាលីនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ ២០១៤ នៅ Sochi ត្រូវបានរកឃើញដោយអ្នកនេសាទម្នាក់នៅលើថ្មប៉ប្រះទឹកសិប្បនិម្មិតមួយកាលពីម៉ោង១១ព្រឹកម៉ោងនៅអូស្ត្រលី ហើយក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រុមអ្នកជួយសង្គ្រោះ និងគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះបុរសវ័យ៣២ឆ្នាំរូបនេះនៅលើឆ្នេរបន្ទាប់ពីទាញគាត់ចេញពីទឹក។ ប៉ុន្តែមន្ត្រីរថយន្តសង្គ្រោះបានអះអាងថា គាត់បានស្លាប់បាត់ទៅហើយ។ លោក Chris Tritton មន្រ្តីប៉ូលីសប្រចាំនៅតំបន់ Gold Coast បាននិយាយថា អ្នកមុជទឹកម្នាក់ទៀតបានរកឃើញកីឡាករ Pullin នៅក្នុងទឹកសមុទ្រក្នុងស្ថានភាពទន់ខ្លួនទៅហើយ។មន្ត្រីប៉ូលីសរូបនេះអះអាងថា Pullin មិនមានរបាំងអុកស៊ីសែនទេ យើងយល់ថាគាត់កំពុងមុជទឹកដោយគ្មានអ្វីការពារ ហើយក៏ប៉ះលើថ្មប៉ប្រះទឹកក្នុងជម្រៅជ្រៅ ដោយទំនងជាមុជតែម្នាក់ឯងមិនមានមិត្តភក្តិណាឃើញទេ។
លោក Geoff Lipshut នាយកប្រតិបត្តិនៃវិទ្យាស្ថានអូឡាំពិកអូឡាំពិកអូស្ត្រាលីបានប្រាប់សារព័ត៌មានរ៉យទ័រថា នេះគឺជាថ្ងៃសោកសៅមិនគួរឱ្យជឿ។ គាត់បន្តថា Pullin គឺជាអ្នកត្រួសត្រាយកីឡារដូវរងាដ៏អស្ចារ្យម្នាក់របស់យើង គាត់មានសេចក្តីព្យាយាមខ្លាំងណាស់ជាមួយនឹងកីឡាជិះស្គីលើទឹកកក។
វិទ្យាស្ថានកីឡា New South Wales របស់អូស្ត្រាលីបានសរសេរលើបណ្តាញសង្គម Twitter ថា “Alex Pullin គឺជាបុគ្គលដ៏អស្ចារ្យម្នាក់ដែលមានចំណង់ចំណូលចិត្តក្នុងវិស័យកីឡាជិះស្គី។ ការបាត់បង់នេះគឺជាសោកនាដកម្មដ៏សង្វេគមួយចំពោះមនុស្សគ្រប់គ្នាដែលស្រលាញ់គាត់”។
សូមបញ្ជាក់ថា Alex Pullin បានចូលនិវត្តន៍ពីកីឡារបស់គាត់កាលពីខែមុន ប៉ុន្តែមិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេ។ Pullin ដែលមានឈ្មោះហៅក្រៅថា Chumpy បានឈ្នះពានរង្វាន់ជើងឯកពិភពលោកជិះស្គីលើផ្ទាំងទឹកកកនៅឆ្នាំ ២០១១ និងឆ្នាំ២០១៣។ គាត់បានចូលរួមប្រកួតនៅរដូវរងារឆ្នាំ២០១០ នៅទីក្រុង Vancouver និងបានឈរនៅចំណាត់ថ្នាក់ទី ៦នៅក្នុងព្រឹត្តិការណ៍របស់គាត់នៅកម្មវិធី Pyeongchang Games ក្នុងប្រទេសកូរ៉េខាងត្បូងកាលពី២ឆ្នាំមុន ៕