ភ្នំពេញ ៖ រណារយន្តមិនតិចជាង២៣៦៩គ្រឿងរួមជាមួយអន្ទាក់កាំភ្លើងច្នៃបាញ់សត្វព្រៃជាច្រើនដើមទៀត ត្រូវបានកម្លាំងចម្រុះនិងមន្រ្តីបរិស្ថានរឹបអូសក្នុងបទល្មើសព្រៃឈើក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ ហើយក្នុងនោះក៏រឹបអូស អន្ទាក់ចាប់សត្វព្រៃសរុបចំនួន២០១៧៩អន្ទាក់ ពីតំបន់ការពារធម្មជាតិផងដែរ ដែលនេះមានការថយចុះជាង៦ខែមុន។
បើតាមការបញ្ជាក់ពីលោកលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកមន្ត្រីនាំពាក្យក្រសួងបរិស្ថាន
នៅក្នុងឱកាសចុះបំពេញទស្សនកិច្ច នៅស្នាក់ការល្បាត ទប់ស្កាត់ការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់របស់មន្ត្រីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា នេះ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថាការរឹបអូសឧបករណ៍ខាងលើបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគរួមនឹងសហគមន៍តំបន់ការពារធម្មជាតិ។
លោកបញ្ជាក់ថា បទល្មើសភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត ហើយមនុស្សដែលពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញព្រៃឈើ ក៏ដូចជាបរបាញ់ និងជួញដូរសត្វព្រៃ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាល ព្រមទាំងធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបំពានធនធានធម្មជាតិបន្តទៀត។
ចំណែកលោក អេដាដ លេហ្ទឺរ (Eduard Lefter) មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានថ្លែងថា អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបាននឹងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វព្រៃពីព្រាននិងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃឈើទីជម្រាលប្រភព ទឹក ប្រភពជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជានិងកំពុងបន្តការងារនេះជាបន្តទៀត៕
ដោយ÷ប្រាថ្នា