ភ្នំពេញ ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌចំការមនបានជួយសង្រ្គោះក្មេងប្រុសចំនួន២នាក់ម្នាក់អាយុ១៥ឆ្នាំនិងម្នាក់ទៀតអាយុ១៦ឆ្នាំដែលរត់ចេញពីការដ្ឋានឈប់ធ្វើការហើយអត់លុយជិះរថយន្តតាក់សុីនិងអត់លុយទិញបាយហូប កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានឱ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១០ៈ០០នាទីយប់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២០ លោកបាន ប្រទះឃើញក្មេងប្រុស២នាក់រត់មកប៉ុស្តិ៍ដើម្បីឱ្យជួយសង្រ្គោះ។ពេលលោកសាកសួរទៅទើបដឹងថា ក្មេងប្រុសទី១ឈ្មោះ ឈឿន លីហួរ អាយុ១៥ឆ្នាំ ស្នាក់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី២ឈ្មោះ សៀង តូលេខ អាយុ ១៦ឆ្នាំមានស្រុកកំណើតនៅភូមិឃុំជាមួយគ្នា ជាមិត្តភក្តិគ្នា។ពួកគេបានរៀបរាប់ប្រាប់ថា ពួកគេបានសុំម្ដាយត្រឹមត្រូវមកធ្វើការនៅភ្នំពេញបានរយៈពេល១អាទិត្យហើយ ដោយថៅកែឱ្យធ្វើការជាជាងផ្សារដែក ប៉ុន្តែដោយខ្លាចខូចភ្នែកក៏សម្រេចចិត្តជាមួយមិត្តភក្តិរត់ចេញពីការដ្ឋានមកដល់ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់សុំលុយជិះរថយន្តតាក់សុីត្រលប់ទៅផ្ទះវិញ ។
ក្មេងប្រុសទាំង២នាក់បានលើកម្រាមដៃ១០អរគុណដល់នគរបាលហើយជូនពរនគរបាលឱ្យមានសុខភាពល្អ ឈ្នះអស់សត្រូវទាំងឡាយដែលបានផ្ដល់ទាំងលុយនិងនំចំណីឱ្យពូកគេបរិភោគ សំខាន់កន្លែងស្នាក់នៅដល់ពួកគេទាំង២នាក់ ។
លោកនាយប៉ុស្តិ៍ទន្លេបាសាក់បញ្ជាក់ដែរថា ដោយយប់ជ្រៅពេកលោកបានទិញបាយឱ្យហូបនិងឱ្យស្នាក់នៅក្នុងប៉ុស្តិ៍មួយយប់សិន លុះព្រឹកឡើងថ្ងៃទី១១ ខែកក្កដាបានទិញសំបុត្ររថយន្តក្រុងដឹកអ្នកដំណើរដើម្បីឱ្យពួកគេជិះត្រលប់ទៅស្រុកកំណើតវិញ និងឱ្យលុយទុកទិញនំចំណីទហូបតាមផ្លូវផង ហើយក៏បានទំនាក់ទំនងទៅនគរបាលនៅឯស្រុកកំណើតរួចរាល់ដែរដើម្បីឱ្យរង់ចាំទទួលពួកគេនាំទៅជួបជុំជាមួយក្រុមគ្រួសារផង៕ ជីណា