ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់គៀបជាប់នៅក្នុងរថយន្ត និងនារីម្នាក់រងរបួសបាក់ជើងដោយសាររថយន្តដឹកឥដ្ឋមួយគ្រឿង បានបើកវ៉ាស្តាំជាមួយរថយន្តធុនធំមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅរបងភូមិគ្រឹះមួយកន្លែងបាក់ខ្ទេច។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង៥ព្រលឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្ទះលេខ១១៧ ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះសំ ស៊ីថា អាយុ២០ឆ្នាំ ជាកម្មករលើកឥដ្ឋ រីឯស្ត្រីរងរបួសធ្ងន់មិនត្រូវស្គាល់ឈ្មោះទេត្រូវជាប្រពន្ធជនរងគ្រាះ ត្រូវគេបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ប្រភពព័ត៍មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហីុយ៉ាន់ដាយ ពណ៍ខៀវ មានដឹកឥដ្ឋពីព្រែកអញ្ជញ ចូលមករាជធានីភ្នំពេញ ដោយមានអ្នកបើកបរ និងរួមដំណើរ៤នាក់ ស្រី១ ប្រុស៣ ខណៈធ្វើដំណើមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកវ៉ាស្តាំជាមួយរថយន្តធុនធំមួយគ្រឿងទៀតដែលនៅពីមុខ ក៏ជ្រុលចង្កូតទៅបុករបងភូមិគ្រឹះបណ្តាលឲ្យបាក់រាបដល់ដី ចំណែករថយន្តខ្ទេចមួយកំណាត់មុខគៀបយុវជនម្នាក់ស្លាប់នៅក្នុងរថយន្ត និងនារីម្នាក់ជាប្រពន្ធជនរងគ្រោះបានរងរបួសបាក់ជើង ត្រូវគេបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងប្រគល់សាកសពជនរងគ្រោះឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕





...
ដោយ៖ ជ្រោយពេជ្រ