បញ្ហាអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំតែងតាំងប៉េអឹមខេត្តសៀមរាបមកធ្វើជាអភិបាលស្រុកម៉ាឡៃ មជ្ឈដ្ឋានជាច្រើនចង់ឱ្យមានការស៊ើបអង្កេតដើម្បីបង្ហាញពីតម្លាភាពនិងកុំឱ្យមន្ត្រីថ្នាក់ក្រោមបាក់ទឹកចិត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យហាក់ផ្គើននឹងអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំតែងតាំងមន្រ្តីពីកន្លែងផ្សេងដែលមានក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប មកធ្វើជាអភិបាលស្រុកម៉ាឡៃទៅវិញ ធ្វើឱ្យមជ្ឈដ្ឋានជាច្រើនចង់ឃើញមានការស៊ើបអង្កេតអំពីករណីនេះ ដើម្បីបង្ហាញពីតម្លាភាព និងកុំឱ្យមន្ត្រីថ្នាក់ក្រោមបាក់ទឹកចិត្ត ។

ជុំវិញបញ្ហានេះ មន្ត្រីថ្នាក់ក្រោមមានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ដោយស្នើសុំថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយស៊ើបអង្កេតករណីនេះផង ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំតែងតាំងលោក សាម សុជាង ជាអភិបាលស្រុកម៉ាឡៃ ជំនួសលោក អែម សុខា ដែលត្រូវបញ្ចប់២អាណត្តិនាប៉ុន្មានខែខាងមុខនេះ។

លោក សាម សុជាង សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ហើយមានឋានៈជាអនុសេនីយ៍ឯកក្នុងក្របខ័ណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប បានផ្លាស់ប្ដូរក្របខ័ណ្ឌ និង ដំឡើងឋានន្តរស័ក្តិទៅជាវរសេនីយ៍ត្រី នៃក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្លាស់ប្ដូរទៅជាមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ រួចស្នើតែងតាំងជាអភិបាលស្រុកម៉ាឡៃតែម្ដង។

មជ្ឈដ្ឋានជាច្រើនមើលឃើញថា ទាំងនេះមានន័យថាមន្ត្រីបម្រើការនៅទាំង៩ក្រុង-ស្រុក និងសាលាខេត្តបន្ទាយមានជ័យ ហាក់បីដូចជាមិនមានសមត្ថភាព និងឧបនិស័្សយគ្រប់គ្រាន់សម្រាប់ធ្វើការតែងតាំងជាអភិបាលស្រុកម៉ាឡៃ ដែលជាម្ចាស់ក្នុងមូលដ្ឋានរបស់ខ្លួនទេឬ បានជាយកមនុស្សនៅក្រៅខេត្ត និងជាក្របខ័ណ្ឌកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ដែលគ្មានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលទាល់តែសោះ មកស្នើសុំតែងតាំងជាអភិបាលស្រុកម៉ាឡៃទៅវិញ?

ទោះបីយ៉ាងណា បញ្ហានេះសង្ឃឹមថា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងមានការបកស្រាយ ដើម្បីបំបាត់មន្ទិលសង្ស័យរបស់មហាជន ក៏ដូចជាមន្ត្រីនៅខេត្តបន្ទាយមានជ័យ ទាំងអស់ ៕ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print