ភ្នំពេញៈ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ម្ដាយនិងកូន ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលេខ១៨០ ក្រុមទី៧ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ លី ហាក់ឡេង អាយុ១៨ឆ្នាំ ត្រូវជាកូន និងឈ្មោះ ងួន សំបូរ អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងនគរបាលដកហូតបានថ្នាំញៀនចំនួន២កញ្ចប់។
តាមប្រភពបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យដែលត្រូវចាប់ខ្លួននោះបានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាយូរណាស់មកហើយ ហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក៏បានធ្វើការស្រាវជ្រាវជាយូរមកហើយដែរទម្រាំតែកំណត់បាន។
រហូតដល់ថ្ងៃទី១៣ ខែកក្កដានេះ ទើបលោក ម៉ន វុធី បានដឹកនាំកម្លាំងចុះទៅធ្វើការបង្រ្កាប និងចាប់ខ្លួនបានទាំង២នាក់ម្ដាយនិងកូន រួចដកហូតបានថ្នាំញៀនចំនួន២កញ្ចប់។ ជនសង្ស័យជួញដូរគ្រឿងញៀនទាំងពីរនាក់ម្តាយកូនត្រូវបានសមត្ថកិច្ចជំនាញនាំទៅសាកសួរ និងចាត់ការតាមនិីតិវិធី៕ដោយ សុខាសែនជ័យ