ដីព្រៃសហគមន៍តំបន់ព្រៃឡង់ និងដីសហគមន៍កាំងចាម រងការកាប់ទន្ទ្រាន យ៉ាងខ្លាំង លោកមេឃុំនៅពីក្រោយធ្វើឲ្យស្លាកហាមឃាត់ចេះដើរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សហគមន៍ទួលបែកសៀម សហគមន៍ភ្នំពង និងសហគមន៍អូរសង្កែ ក្នុងឃុំកាំងចាម និងសហគមន៍តំបន់ព្រៃឡង់ រងការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ និងបានអារផ្តួលរំលំអារច្រៀកដើមរណ្តៅច្បោះធ្វើអាជីវកម្ម ដឹកជញ្ចូនចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ស្នាក់ការរងដូង ដែនជម្រកសត្វព្រៃព្រៃឡង់ ដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីក្រុមសមត្ថកិច្ចឡើយ ហើយថែមទាំងមានការបែងចែកដីឲ្យខ្មែរអ៊ិស្លាមដោយមានក្បាលដី៥០ម៉ែត្រ បណ្តោយ១ពាន់ម៉ែត្រ ជាកម្មសិទ្ធិចេញដោយលោកមេភូមិ និងលោកឃឹម សុខា មេឃុំកាំងចាមចំនួនជាង៦០គ្រួសារ ទើបធ្វើឲ្យស្លាកហាមឃាត់ចេះដើរ ព្រោះដើមរណ្តៅច្បោះចេះតែរលំ សត្វព្រៃភ័យខ្លាចរត់ចោលជម្រកជាបន្តបន្ទាប់ ដែលស្ថិតនៅក្នុងភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ពាក់ព័ន្ធនឹងដីសហគមន៍នេះលោកខៀវ ឃោ ប្រធានសហគមន៍ការពារតំបន់ព្រៃឡង់ និងលោកសួង រី ប្រធានសហគមន៍ការពារព្រៃកាំងចាមក្នុងតំបន់ទាំង៣ និងសហគមន៍តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានលើកឡើងថា ក្នុងដែនអភិរក្សការពារ ដោយមន្ត្រីបរិស្ថាន ស្នាក់ការរងដូងដែនជម្រកសត្វព្រៃ ព្រៃឡង់ ធ្វើឲ្យរងការកាប់ទន្ទ្រានយកដីសហគមន៍ធ្វើជាកម្មសិទ្ធិ ក្នុងនោះក៏មានអាជ្ញាធរឃុំ និងលោកមេប៉ុស្តិ៍ត្រូវជាសាច់ញាតិបានរួមគំនិតគ្នាយកដីសហគមន៍ដែលចេញអនុក្រឹត្យដោយក្រសួងមហាផ្ទៃដែលមានផ្ទៃដីចំនួនសរុប៣.៨២៩ហិកតា មានព្រំប្រទល់ខាងជើងទល់នឹងអូររុណ ខាងត្បូងទល់នឹងអូរគ្រាក់ ខាងកើតទល់នឹងភ្នំអំប៉ៃ ខាងលិចទល់នឹងវាលបែកសៀម ។
ចំណែកដីព្រៃឡង់មានចំនួន៤៣១.៦៨៣ ហិកតាជាផ្ទៃដីសរុបក្នុង៤ខេត្ត ចំណែកផ្ទៃដីព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង សរុប១២១៩០៣ហិកតា ហើយដីដែលរងនូវការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិអស់សរុប២.៦០៣ហិកតា រួមទាំងការកាប់ផ្តួលរំលំ អារច្រៀកដឹកជញ្ចូនឆ្លងកាត់ស្នាក់ការរងដូង ដែនជម្រកសត្វព្រៃ ព្រៃឡង់ រាល់ថ្ងៃយប់ ដោយគ្មានការទប់ស្កាត់ ពីមន្ត្រីស្នាក់ការ រួមទាំងអាជ្ញាធរភូមិ-ឃុំសោះឡើយ គឺបើកដៃរួមទាំងចេញលិខិតឲ្យពលខ្មែរអ៊ិស្លាមយកធ្វើជាកម្មសិទ្ធិដោយក្នុង១ក្បាលដីមានទទឹង៥០ម៉ែត្រគុណនឹង១ពាន់ម៉ែត្រចំនួនជាង៦០គ្រួសារ។
ដោយមានការឈូសឆាយធ្វើផ្លូវចូល កាត់ដីព្រៃសហគមន៍ទួលបែកសៀម និងចូលទៅរកតំបន់ព្រៃឡង់បន្តទៀត ដែលសព្វថ្ងៃកំពុងរងនូវការកាប់ទន្ទ្រានផ្តួលរំលំ ដើមរណ្តៅច្បោះជ័រទឹកដោយមិនខ្លាច ស្លាកហាមឃាត់របស់បរិស្ថានដែលដាក់ថា«ជនណាកាប់រុករានទន្រ្ទានដីរបស់រដ្ឋ នឹងផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ»។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងកាប់ផ្តួលរំលំឈើធ្វើឲ្យស្លាកហាមឃាត់ភ័យចេះតែរត់ ឈើចេះតែដួលរលំ ផ្ទះចេះតែលើកបន្តបន្ទាប់។
ចំណែកពលរដ្ឋឈ្មោះឡុង ណេត រស់នៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ បានលើកឡើងថា៖ ពួកគាត់ចូលរួមផ្តិតមេដៃទទួលស្គាល់ថា ព្រំដីការពារ របស់សហគមន៍ត្រឹមណា និងដីតំបន់ព្រៃឡង់ត្រឹមណា ដើម្បីងាយស្រួលការពារនិងគ្មានការកាប់រុករានទន្ទ្រានធ្វើជាកម្មសិទ្ធិឡើយ ដើម្បីថែរក្សាដីព្រៃរបស់រដ្ឋ ឲ្យគង់វង្សនឹងជាទីជម្រករបស់សត្វព្រៃផង ដែរ ហើយក្រោយផ្តិតមេដៃរួចហើយលោកមេឃុំប្រាប់ថា បើអ្នកអត់ដីចាំពេលក្រោយមានដីណាទំនេរ លោកនឹងឆ្វៀលចែកឲ្យប្រកបរបរកសិកម្ម ព្រោះបានមកប្រជាពលរដ្ឋខ្លួនឯងទេ។
លោកបញ្ចាក់ថា: ក្រោយពីធ្វើកិច្ចសន្យារួចមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែលោកមេឃុំឆ្វៀលដីនោះមែន តែឲ្យទៅេខ្មែរអ៊ិស្លាមនៅចំណុចទួលបែកសៀម ជាង៦០គ្រួសារ ដោយបែងចែកដីក្បាល៥០ម៉ែត្រ បណ្តោយ១ពាន់ម៉ែត្រ ដែលជាអ្នកចំណាកស្រុកទៅវិញ ដោយយកលុយចាប់ពី២០ម៉ីនរៀល ទៅ១០០ដុល្លារឡើងទៅ តែចំពោះពលរដ្ឋមួយគ្រួសារឈ្មោះស៊ុំ ស៊ន រស់នៅចំណុចខាងលើជាង១០ឆ្នាំហើយ ពុំទាន់មានលិខិតកាន់កាប់នៅឡើយ ។ចំណែកពលរដ្ឋរស់ក្នុងឃុំកាំងចាមទាំងមូលដែលខ្វះដីប្រកបរបរកសិកម្មបែរជាអត់បានដីធ្វើស្រែចម្ការទៅវិញ។ តែផ្ទុយទៅវិញបែរលោកឃឹម សុខា មេឃុំកាំងចាម ហ៊ានរំកិលផែនទី នឹងឆ្វៀលដីព្រៃសហគមន៍ចេញអស់មួយចំនួន ដោយមិនឲ្យពលរដ្ឋដឹងឮសោះ ដើម្បីឆ្វៀលឲ្យផុតពីដីលោកមេឃុំខ្លួនឯងតែម្តង។
ដូច្នេះពួកគាត់បានសំណូមពរយ៉ាងទទូច ដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយពិនិត្យដល់មន្ត្រីថ្នាក់ក្រោមជាតិផង ដែលកំពុងឃុបឃិតគ្នាយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងកេងចំណេញប្រាក់ចំណូលក្រៅប្រព័ន្ធច្បាប់ខុសគោលការណ៍រដ្ឋ ជាពិសេសសូមសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាយើងមេត្តាពិនិត្យទៅលើមន្ត្រីថ្នាក់ក្រោមជាតិ មួយចំនួនដែលកំពុងបំពានលើអនុសាសន៍របស់សម្តេចធ្វើឱ្យព្រៃឈើចេះតែអស់ សត្វព្រៃភ័យរត់ពាសវាលគ្មានគោលដៅ ព្រោះគ្មានជម្រក ដីព្រៃការពារមានតែឈ្មោះ នឹងក្លាយទៅជាវាលរហោឋានជាក់ជាពុំខាន។
ជុំវិញរឿងនេះលោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែកក្កដាថា: ករណីដីខាងលើនេះ លោកបានរាយការណ៍ជូនលោកអភិបាលនៃគណ:អភិបាលខេត្តរួចហើយ ហើយលោកនឹងរៀបចំកម្លាំងជំនាញចុះទៅធ្វើការតាមច្បាប់ ហើយដីដែលស្ថិតក្នុងតំបន់អភិរក្សការពារ ដីព្រៃឡង់ នឹងដីសហគមន៍ដែលច្បាប់បានកំណត់ ពលរដ្ឋណារស់នៅត្រឹមត្រូវ មានលក្ខណៈស្របច្បាប់ ខេត្តនឹងវាស់វែងឆ្វៀលជូនពួកគាត់ជាកម្មសិទ្ធិ តែបើពួកគាត់រស់នៅខុសមិនត្រឹមត្រូវ ច្បាប់នឹងដកហូតជាសម្បត្តិរដ្ឋទាំងអស់៕ ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print