ពិតជាមិនធម្មតាមែន! ជនបរទេសក្លែង Profile ធ្វើជាគិលានុបដ្ឋាយិកាយោធាអាមេរិកបោកលុយបុរសខ្មែរអាយុ៤៦ឆ្នាំ អស់លុយជាង១ម៉ឺនដុល្លារ

ចែករំលែក៖

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ពាក់ព័ន្ធករណីឆបោក (លុយ១០,៧៥០ដុល្លារ) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន៣នាក់នោះមានជនជាតិបរទេសចំនួន២នាក់និងខ្មែរម្នាក់គឺទី១-ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះជាមួយជនសង្ស័យទាំងពីរនាក់ខាងលើដែរ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតនូវវត្ថុតាងដូចជា កុំព្យូទ័រចំនួន៣គ្រឿង (ម៉ាក Dell ពណ៌ខ្មៅចំនួន១គ្រឿង ពណ៌ទឹកប្រាកចំនួន១គ្រឿង ,ម៉ាកAsus ពណ៌ខ្មៅចំនួន១គ្រឿង), ស៊ីមកាត (ប្រើរួច) មួយចំនួន , ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាក VIVO ពណ៌ស្លាបកំភេមចំនួន១គ្រឿង ,ទូរស័ព្ទដៃម៉ាកណូគាពណ៌ខៀវចំនួន១គ្រឿង, ៦-ទូរស័ព្ទដៃ
ម៉ាកណូគាចុចពិលពណ៌ខ្មៅចំនួន១គ្រឿង, លិខិតឆ្លងដែន ចំនួន៤ក្បាល (លេខ A09043956 របស់ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន១ក្បាល, លេខA06489995 របស់ឈ្មោះ DIKE IFEANYI EVARISTUS ចំនួន១ក្បាល, លេខA04999241 របស់ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន១ក្បាល, លេខA07644429 របស់ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ចំនួន១ក្បាល) , ឆ្នាំងសាកកុំព្យូទ័រចំនួន៣គ្រឿង, ម៉ូតូម៉ាកឃ្លីក ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 1AF-5376 មានលេខតួ និងលេខម៉ាស៊ីន0023876 , ម៉ូតូម៉ាកហ្វីុណូ ពណ៌សខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AF-4446 មានលេខតួ និងលេខម៉ាស៊ីន002283 ចំនួន១គ្រឿង, ម៉ូតូម៉ាកធូដេ ពណសពាក់ស្លាកលេខ កំពង់ស្ពឺ 1D-4761 មានលេខតួ និងលេខម៉ាស៊ីន 1051695 ចំនួន១គ្រឿង ។

បើតាមសមត្ថកិច្ចបានរៀបរាប់ពីហេតុការណ៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់រូបមនុស្សស្រីនៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេស
ប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថាគ្រាន់តែសុំរាប់អានគ្នា ។ បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិតឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិកាយោធា បម្រើការងារនៅជំរំយោធាក្នុងក្រុងដាម៉ាស់ ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបគេចង់ពិភាក្សាអ្វីមួយដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេរើសបានប្រអប់មួយនៅក្រោមដើមឈើដែលនៅក្នុងប្រអប់នោះមានទឹកប្រាក់យ៉ាងច្រើនដល់ ទៅ៣. ៥លានដុល្លារអាមេរិក ហើយរូបគេចង់យកលុយនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយឱ្យជនរងគ្រោះអ្នកទទួលលុយនោះនៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែឱ្យជនរងគ្រោះផ្ញើអាសយដ្ឋានរបស់ខ្លួនទៅរូបគេសិន រួចជនរងគ្រោះក៏បានផ្ញើអាសយដ្ឋានទៅឱ្យគេ ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយបត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹកជញ្ជូនមកឱ្យជនរងគ្រោះបានឃើញជាមុនសិន ។ បន្ទាប់មកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល៨និង០០នាទីព្រឹក ជនរងគ្រោះកំពុងតែនៅខេត្តកំពត ស្រាប់តែមានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់មិនស្គាល់ឈ្មោះ ភេទប្រុស បានប្រើលេខទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ តេចូលលេខ ០៩៦ ៨៩៨ ៥៥៥៩ របស់ជនរងគ្រោះប្រាប់ថា អីវ៉ាន់របស់បងមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់។ មួយសន្ទុះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនខាងលើ ក៏បានប្រើលេខទូរស័ព្ទលេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមកលេខទូរស័ព្ទជនរងគ្រោះម្តងទៀតប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះត្រូវបង់ពន្ធចំនួន ៧៥០ដុល្លារអាមេរិកតម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ រួចជនរងគ្រោះក៏បានផ្ញើលុយចំនួន ៧៥០ដុល្លារអាមេរិកនោះទៅតាមភ្នាក់ងារវីងនៅខេត្តកំពត។ ក្រោយមកលេខទូរស័ព្ទខាងលើ បាននិយាយហេតុផលផ្សេងៗ ធ្វើឱ្យជនរងគ្រោះផ្ញើលុយឱ្យរូបគេ តាមភ្នាក់ងារវីង នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ អស់លុយសរុបចំនួន ១០,៧៥០ ដុល្លារ (មួយម៉ឺនសូន្យពាន់ប្រាំពីររយហាសិបដុល្លារអាមេរិក) ហើយជនរងគ្រោះពុំបានទទួលអីវ៉ាន់អ្វីសោះ។ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី លេខទូរស័ព្ទខាងលើ គឺមានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទចូលមកលេខរបស់ជនរងគ្រោះ តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ ចំនួន១០,០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ថែមទៀត ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

ក្រោយទទួលពាក្យបណ្តឹងហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានទៅសហការជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដូចមានឈ្មោះខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕ដោយ៖ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print