ខេត្តស្វាយរៀង៖ បុរសជាកូនអកតញ្ញូម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីប្រើហិង្សាយកកាំបិតបុ័ងតោកាប់ទៅលើឪពុកត្រូវចំកញ្ចឹងកបាញ់ឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិខណៈមានជម្លោះក្នុងវង់ផឹកស៊ីជាមួយគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នៅក្នុងភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុករមាសហែក ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យជាកូនឈ្មោះសុខ ខេអាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុករមាសហែក ។
ចំណែកឪពុករងគ្រោះមានឈ្មោះសុខឃិន អាយុ៦១ឆ្នាំ់ មុខរបរកសិករ រស់នៅក្នុងភូមិឃុំជាមួយគ្នា ដោយត្រូវមួយកាំបិតចំកញ្ចឹងករងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញឪពុកនិងកូនប្រុសបង្កើតបានអង្គុយផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយរហូតដល់ម៉ោង៤និង៣០នាទីរសៀលស្រាប់តែមានជម្លោះពាក្យសម្តីគ្នាហើយដោយសារតែស្រវឹងស្រាជោកផងនោះកូនប្រុសក៏ស្ទុះទៅយកបានកាំបិតបុ័ងតោកាប់ទៅលើឪពុកតែម្ដង។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករមាសហែកដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕យឹម សុថាន