ខេត្តពោធិ៍សាត់ ៖ យោងតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានដឹកនាំមន្រ្តីក្រោមឱវាទរួមសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងសរុបប្រមាណ៣៥នាក់ ចុះបង្រ្កាបករណីលួចដាំដុះរុក្ខជាតិ(ដំណាំកញ្ឆា)ខុសច្បាប់ នៅតំបន់ព្រៃភ្នំដែលជាភូមិសាស្រ្តដ៏លំបាកមួយកន្លែង ។
ប្រតិបត្តិការបង្រ្កាបករណីដាំដុះរុក្ខជាតិដំណាំកញ្ឆាខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ព្រៃភ្នំត្រង់ចំណុចជ្រលងក្បាលភ្នំ៧០ ស្ថិតក្នុងភូមិដំក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានប្រាប់ថា ទោះជាភូមិសាស្រ្តខាងលើមានផលលំបាកខ្លាំងមិនសូវអំណោយផលក្ដី ក៏កម្លាំងសហការរបស់យើងអនុវត្តបានដោយជោគជ័យដែរ ដោយជាលទ្ធផល ការដាំដុះរុក្ខជាតិ(ដំណាំកញ្ឆា)នេះ ត្រូវកម្លាំងដកចិញ្ច្រាំ និងដុតបំផ្លាញចោលអស់ចំនួន ៥,៥៣០ដើម(ប្រាំពាន់ប្រាំរយសាមសិបដើម) ដែលដាំដុះលើផ្ទៃដីចំនួនប្រមាណជិត២ហិកតា ។
លោក វរសេនីយ៍ឯក អធិការនគរបាលស្រុកបន្តទៀតថា ជាលទ្ធផលយើងធ្វើបានសម្រេចដូចបានរៀបរាប់ខាងលើ រួមទាំងរោងស្នាក់នៅរបស់ជនល្មើសដែលបានលួចដាំដុះរុក្ខជាតិនេះចំនួន៣កន្លែង។ ចំណែកជនល្មើសបានរត់គេចខ្លួនបាត់អស់ប៉ុន្តែស្ថិតក្នុងស្ថានភាពស្រាវជ្រាវ និងសើុបអង្កេតជុំវិញទីតាំងដែលបានបង្រ្កាប ក្រែងនៅមានសេសសល់ដើម្បីអនុវត្តបន្តទៀត ៕ ដោយៈ បុឹម ពិន