ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូជែងជាមួយរ៉ឺម៉កមិនផុតបណ្តាលឲ្យដួលខា្ទតទៅកណ្តាលថ្នល់ ពេលនោះមានរថយន្តកុងតឺន័រមួយគ្រឿងបើកមកដល់(បញ្ច្រាសទិស)ចាប់ហ្វ្រាំងមិនទាន់ ក៏កិនខ្ទេចម៉ូតូមួយកំណាត់មុខ រីឯបុរសមា្ចស់ម៉ូតូបោកនឹងថ្នល់របួសធ្ងន់ ។
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលា ម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៨ ខែមករា២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែង កើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះមិនសា្គល់ឈ្មោះម្នាក់ បើកបរម៉ូតូម៉ាក(ហ្វីណូ) ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BD.4483តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុគាត់បានបើកជែងម៉ូតូរ៉ឺម៉ក មួយគ្រឿងដែលបើកស្របទិសគ្នាតែជែងមិនផុត បណ្តាលឲ្យប៉ះកន្ទុយរ៉ឺម៉កដួលម៉ូតូខ្ទាតទៅកណ្តាលផ្លូវ ហើយត្រូវរថយន្តកុងតឺន័រដែលបើកបរច្រាសទិសគ្នាមកដល់ចាប់ហ្វ្រាំងមិនទាន់កិនម៉ូតូខ្ទេចមួយកំណាត់ខាងមុខនិងធ្វើឲ្យបុរសមា្ចស់ម៉ូតូបោកនឹងថ្នល់របួសធ្ងន់ ។
ក្រោយពេលកើតហេតុ រថយន្តកុងតឺន័រនិងរ៉ឺម៉កម៉ូតូបើកគេចចេញបាត់ នៅសល់តែជនរងគ្រោះរបួសធ្ងន់នៅកន្លែងកើតហេតុ ត្រូវរថយន្តសាមុយដឹកបញ្ជូនយកទៅជួយធ្វើកាសង្គ្រោះនៅគ្លីនិកឯកជន រីឯម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលសង្កាត់ចោមចៅ រង់ចាំឲ្យគ្រួសារជនរងគ្រោះមកទទួលយកទៅជួសជុលប្រើប្រាស់ឡើងវិញ ៕
ដោយ៖ ប្រាថ្នា