ស្ត្រីកម្មការិនីរោងចក្រម្នាក់លួចម៉ូតូអ្នកធ្វើការជាមួយគ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីសង្ស័យជាកម្មការិនីរោងចក្រម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនបន្ទាប់ពីម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចហើយសមត្ថកិច្ចបានមកពិនិត្យមើលកាមេរ៉ាសុវត្ថិភាពរបស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត។

ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិថ្នាញ  សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះសែន  សាវិនអាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិអង្គតាមោគ  ឃុំប្រសូត្រ  ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះល័ស ម៉ែនអាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិតាដែវ  ឃុំមេសថ្ងក  ស្រុកចន្ទ្រា  ខេត្តស្វាយរៀង។

ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១J-០២៧៧ ផលិតឆ្នាំ២០១៦។

ប្រភពបន្តថា នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០កម្លាំងជំនាញនគរបាលក្រុងបាវិតបានទទួលពាក្យបណ្ដឹង១ច្បាប់ពីម្ចាស់ម៉ូតូថា នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០វេលាម៉ោង៤:១០នាទី​រសៀលពេលខ្លួនចេញពីធ្វេីការនៅរោងចក្រដើរមករកមេីលម៉ូតូដែលបញ្ឈរទុកដូចសព្វដងមិនឃើញក៏មានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចបានទៅដល់រោងចក្រគុយហ័រស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្នុងភូមិថ្នាញ  សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀងដេីម្បីសហការជាមួយរោងចក្រពិនិត្យតាមកាមេរ៉ាសុវត្ថិភាពហើយបានកំណត់មុខសញ្ញាជនម្នាក់ដែលជាស្ត្រីបម្រើការនៅរោងចក្រនោះ រួចក៏បានឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងបាវិតដេីម្បីធ្វេីការសាកសួរ។

នៅចំពោះសមត្ថកិច្ននគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនោះប្រាកដមែន។បន្ទាប់ពីលួចបានហេីយខ្លួនបានជិះយកទៅបញ្ចាំនៅផ្សាប្រសូត្រ ស្រុកស្វាយទាបក្នុងតម្លៃ៣៥០ដុល្លារ។

បច្ចប្បន្នស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដេីម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print