អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជា ពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួលនិងជាការលើកសោភណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។
ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ក្រោយពីលោកអភិបាលរាជធានីបញ្ចប់ពិធីបើក
សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងក្នុងសង្កាត់ផ្សារដើមគ ជាប់ព្រំប្រទល់សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះរួមមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងខណៈចុះពិនិត្យមើលស្ថានភាពផ្លូវទាំង២ខ្សែនេះ បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការអ៊ុតកៅស៊ូលើបណ្ដោយផ្លូវ២ខ្សែ គឺផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ ដោយអ៊ុតជាប្រភេទកៅស៊ូបេទីមីណឺ ក្នុងនោះសម្រាប់ផ្លូវលេខ២៤៧ គឺចាប់ផ្ដើមពីផ្លូវលេខ១៨៦ ដល់មុខសាលាបឋមសិក្សាទឹកល្អក់ ។ ចំណែកផ្លូវលេខ១៨៦វិញនិឹងអ៊ុតចាប់ពីផ្លូវ លេខ២៤៧ ដល់ផ្លូវលេខ២៦១ ។
ការអ៊ុតកៅស៊ូផ្លូវទាំងពីរខាងលើនេះ គឺដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ហើយក៏ជាការលើកសោភណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាតផងដែរ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print