ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានថានិឹងដកប្រធានផ្សារដើមគ និងប្រធានចំណតរថយន្តផ្សារនេះប្រសិនបើពួកគាត់ នៅតែធ្វើការមិនចុះសម្រុងគ្នា ដោយមិនសហការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសផ្លូវចេញចូលតែម្តង ព្រមទាំងបង្កការថ្នាំងថ្នាក់ដល់អាជីវករទៀតនោះ ។ លោក ឃួង ស្រេង បានព្រមានបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០។
លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រធានចំណតរថយន្តផ្សារដើមគ ត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អ ចៀសវាងការថ្នាំងថ្នាក់ពី សំណាក់ប្រជាពលរដ្ឋនិងអាជីវករ។ ដូច្នេះប្រធានផ្សារ និងអ្នកគ្រប់គ្រងបេនឡានផ្សារដើមគត្រូវរួមគ្នាដើម្បីរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ សំខាន់ត្រូវឱ្យមានច្រកចេញចូលទៅក្នុងផ្សារឲ្យបានស្រួល ។ បើមិនដូច្នោះទេ អ្នកទាំងពីរប្រឈមនិឹងការដកតួនាទីចេញពីការងារនេះតែម្តង ។
មុនចាប់ផ្ដើមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសថ្មើរជើង ខាងលើនេះ លោក ឃួង ស្រេង បានចូលទៅសំណេះសំណាលជាមួយបងប្អូន អាជីវករនៅក្នុងផ្សារដើមគ ហើយ
ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងអាជីវករក្នុងផ្សារស្នើសុំនិងសំណូមពរឱ្យលោកអភិបាលរាជធានីភ្នំពេញ ជួយធ្វើអន្តរាគមន៍បើកផ្លូវចេញចូលផ្សារ ខណៈចំណតរថយន្តបានយករថយន្តមកចតបិទបាំងផ្លូវមិនអាចឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករចេញចូលបាន ។ ផ្ដើមចេញពីបញ្ហានេះទើបលោកអភិបាល រាជធានីភ្នំពេញធ្វើការព្រមានដកប្រធានផ្សារ និងប្រធានបេនឡានផ្សារដើមគដោយលោកបញ្ជាក់ថា បើធ្វើការងារមិនត្រូវគ្នាទេ បើដកគឺដកទាំងពីរនាក់តែម្តង។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាស ថ្មើរជើងទល់មុខផ្សារដើមគនេះជាគម្រោង មួយក្នុងចំណោមគម្រោងសាងសង់ស្ពាន អាកាសថ្មើរជើងចំនួន២៧ទីតាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែល រាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការ សាងសង់តាមលិខិតលេខ៨៩១សជណ មយចុះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ហើយស្ពានអាកាសថ្មើរជើងនេះ សាងសង់ឡើង ដោយក្រុមហ៊ុនជំនាញដោយប្រើប្រាស់ការសាងសង់រយៈពេល៧ខែ ដែលចាប់ផ្តើមសាងសង់នៅដើមខែធ្នូ ឆ្នាំ២០១៩ និងសាងសង់រួចរាល់ជាស្ថាពរ នៅដើមខែកក្កដា ឆ្នាំ២០២០ ។
លោកបន្តថា ស្ពានអាកាសនេះបណ្ដោយស្ពានមានប្រវែង២៨ម៉ែត្រ ទទឹងស្ពានមានប្រវែង៣.៤ ម៉ែត្រ ទទឹងផ្លូវដើរមានប្រវែង២.៨ ម៉ែត្រ កម្ពស់ពីផ្លូវមក បាតស្ពាន៥.៥០ម៉ែត្រ កម្ពស់ពីកម្រាលដើរដល់ពិតាន ដំបូល៣កញ្ចក់ស្រោបអុីណុក៥០ម៉ែត្រ កម្ពស់ បង្កាន់ដៃ១.២០ម៉ែត្រ ព្រមទាំងរៀបចំនិងបំពាក់កញ្ចក់ដាក់ភ្លើងបំភ្លឺនៅលើស្ពាន និងក្រោមស្ពាន កម្រាលថ្មើរជើងធ្វើអំពីបេតុងគ្រោងដែកក្រាលដោយថ្មក្រានីត ។
លោក សាំ ពិសិដ្ឋ បានឱ្យដឹងទៀតថា ទន្ទឹមនឹងនេះការដ្ឋានថ្មីមួយទៀតកំពុងសាងសង់ គឺស្ពានអាកាសថ្មើរជើងនៅ
ស្តុបសន្ធរម៉ុកទល់មុខសាលាបឋមសិក្សាសន្ធរម៉ុកស្ថិតក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះសម្រេចបាន២០% និងមានផែនការបន្តការសាងសង់ស្ពានអាកាសថ្មើរជើងបន្តបន្ទាប់ចំនួន២៥ ទីតាំងទៀត ដែលបានកំណត់ក្នុងលិខិត លេខ ៨៤១ សជណ.មួយចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសថ្មើរជើងផ្សារដើមគនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន មានបទពិសោធន៍ និងស្នាដៃស្ថាបនាស្ពានតែម្តង ហើយក្រុមហ៊ុននេះនឹងបន្តសាងសង់ស្ពានអាកាសថ្មើរជើងនៅ រាជធានីភ្នំពេញបន្តទៀត ។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានី ភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៤កន្លែងហើយ គឺ ស្ពាន អាកាសថ្មើរជើងនៅតំបន់សាលាជម្ពូវ័ន
ចំនួន២ រង្វង់មូលនាងគង្ហីង១ ស្ពានអាកាសថ្មើរជើងនៅផ្សារដើមគដែលដាក់ឱ្យដំណើរការក្នុងពេលនេះ១ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុកទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក ដែលកំពុង ដំណើរការផងដែរ ៕ សំរិត