កណ្ដាល: ជនសង្ស័យ៣នាក់ ត្រូវបានលោក ហេងផល្លា ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកណ្ដាល ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តកណ្ដាលជាបណ្ដុះអាសន្ននៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយពីជនសង្ស័យទាំង៣នាក់ ត្រូវនគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២០ ចំណុចតូប យីហោឈ្មោះរតនាបុត្រ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល.ក្នុងករណីធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង បញ្ជាការដ្ឋានអង្គរក្ស ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ។
ជនសង្ស័យទាំង៣នាក់ ដែលចៅក្រមសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ទី១. ឈ្មោះ ញ៉ែម ភឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះលេខ២០ ផ្លូវ៣៧១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ អង្គរក្ស(២៤៦), ទី២, ឈ្មោះ ចាន់ ផាន្នាក់ ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួលក្រោយម៉ូឌែន២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកឡាន និងទី៣, ឈ្មោះ ផាត់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មុខរបរ ថតចម្លងឯកសារ។ ជនសង្ស័យទាំង៣នាក់នេះ មានដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដុះអាសន្នលេខ៣០៤៥ដ.ក ប.ឃ.ខ/២០។ ជនទាំង៣នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលប្រព្រឹត្តិនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បទល្មើសព្រហ្មទណ្ឌដែលមានចែងផ្តន្ទាទោសក្នុងមាត្រា ៦២៦.,៦២៩ និងមាត្រា៦៣០ក្នុងក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ឈ្មោះ ចាន់ ផាន្នាក់ បានចូលបម្រើការងារ នៅបញ្ជាការដ្ឋានកងអង្គរក្សកងអន្តរាគមន៍២១០ហើយនៅពាក់កណ្តាលឆ្នាំ២០១៥ ចាន់ ផាន្នាក់ បានឈប់ធ្វើការ វិញ នៅពេលដែលបម្រើការងារនោះឈ្មោះ ចាន់ ផាន្នាក់បាន ស្គាល់ឈ្មោះ ញ៉ែម ភឿន ភេទប្រុស អាយុ៣៦ឆ្នាំដែលជាអ្នកធ្វើការនៅបន្ទាយជាមួយគ្នា ក្រោយមកមានទំនាក់
ទំនងគ្នារហូតមក។. នៅឆ្នាំ២០១៨ ឈ្មោះចាន់ ផាន្នាក់ មានគំនិតចង់ទៅធ្វើការឲ្យជនជាតិចិននៅខេត្ត ព្រះសីហនុ(បើកឡាន) តែជនជាតិចិន តម្រូវឲ្យអ្នកដែលមានក្របខណ្ឌកងកម្លាំងទើបគេទទួលយកធ្វើការ ពេលនោះ ឈ្មោះចាន់ ផាន្នាក់ បានពឹងសុំឲ្យឈ្មោះ ញ៉ែម ភឿន ជួយយកប័ណ្ណសំគាល់អាវុធខ្លីសមូហភាព លិខិតបញ្ជាបេសកកម្ម និងប័ណ្ណសំគាល់ខ្លួន របស់បញ្ជាការដ្ឋានកងអង្គរក្ស របស់ឈ្មោះ ញ៉ែម ភឿន មកកែបញ្ជូលដាក់ឈ្មោះចាន់ ផាន្នាក់ វិញ ទើបនាំគ្នា ទៅកន្លែងថតចម្លង ឯកសារ មួយដែលមានផ្លាកយីហោឈ្មោះរតនាបុត្រ ។. ក្រោយមកឈ្មោះ ចាន់ ផាន្នាក់ បានរៀបចំឲ្យគេធ្វើឯកសារក្លែង(បញ្ជាការដ្ឋានអង្គរក្ស) ឲ្យទៅអ្នកផ្សេងៗដូចជា៖១.ឈ្មោះ ឌួក ម៉ាប់ ភេទប្រុស (ជាប់ពន្ធនាគារនៅខេត្ដព្រះសីហនុ) ២.ឈ្មោះ ហែម សម្បត្ដិ ភេទប្រុស ៣.ឈ្មោះ ព្រុំ សុផាត ភេទប្រុស ៤.ឈ្មោះ ផៃ វុត្ថា និងអ្នកមួយចំនួនទៀតមិនចាំឈ្មោះ នៅពេលធ្វើឯកសារ គឺទទួលបានប្រាក់ចាប់ពី ១៦០$ ទៅ២២០$ ។ ចំណែកឈ្មោះ ផាត់ សុវណ្ណះ ជាអ្នកស្គែន កាត់ត ឯកសារ ទទួលបានប្រាក់ ចាប់ពីចំនួន៣០,០០០៛ ទៅដល់ ៧០,០០០៛ ។
លុះមកដល់ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២០ នេះជនសង្ស័យទាំង៣នាក់ត្រូវបាននគរបាលខេត្តកណ្ដាលស្រាវជ្រាវស៉ើបអង្កេតចាប់ខ្លួនបានតែម្ដង.និងរឹបអូសយកវត្ថុតាងរួមមាន: ប័ណ្ណសំគាល់ខ្លួនឈ្មោះ.ផៃ វុត្ថា
ក្លែងក្លាយ ប័ណ្ណសំគាល់អាវុធខ្លីសមូហភាព ក្លែងក្លាយ លិខិតបញ្ជាបេសកកម្ម ឈ្មោះ ផៃ វុត្ថាក្លែងក្លាយ ទូរស័ព្ទដៃ៣គ្រឿងម៉ាក iPhone 5ពណ៌សម៉ាក OPPOពណ៌ស ម៉ាក SAMSONG A20sពណ៌ខ្មៅ។ តាមចម្លើយសារភាព របស់ឈ្មោះ ចាន់ ផាន្នាក់ ឈ្មោះញ៉ែម ភឿន ឈ្មោះ ផាត់ សុវណ្ណះ ថាខ្លួនពិតជាបាន ចាត់ចែងឲ្យ ធ្វើឯកសារក្លែង(បញ្ជាការដ្ឋានអង្គរក្ស) ឲ្យទៅអ្នកដ៏ទៃប្រើប្រាស់ពិតប្រាកដមែន ដើម្បី ទទួលបានប្រាក់មួយចំនួន៕