ភ្មំពេញ៖ ស្ត្រីម្នាក់ បើករថយន្តបុកក្បាលនាគពុះចែកផ្លូវបាក់អស់៣កង់និង ធ្វើឲ្យរថយន្តខូចខាតមុខចំហៀងខាងឆ្វេង ហើយបន្ទាប់ពីមានឧប្បត្តិហេតុនេះកើតឡើងគាត់អះអាងប្រាប់គេឯងថាដោយសារតែនៅកន្លែងកើតហេតុងងឹតពេកមើលផ្លូវមិនឃើញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នៅតាមបណ្តាយផ្លូវព្រះសីហនុ ត្រង់ទល់មុខហាងលក់ម៉ូតូហេងសុផល សង្កាត់ខណ្ឌវាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីមិនស្គាល់ឈ្មោះម្នាក់មានវ័យជាង២០ឆ្នាំបានបើករថយន្តម៉ាកកាមរីហាយប៊្រីដ ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2R-4483 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រុងផ្លូវ បាក់អស់៣កង់បណ្តាលឲ្យរថយន្តខូចខាតមុខចំហៀងខាងឆ្វេង ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ស្រ្តីជាអ្នកបើករថយន្តទុករថយន្តចោលរួចគេចខ្លួនបាត់។ មួយសន្ទុះក្រោយមកគេឃើញក្រុមគ្រួសារស្ត្រីរូបនេះមកបើករថយន្តទៅដាក់ចិញ្ចើមផ្លូវកុំឲ្យស្ទះចរាចរណ៍ ហើយបានប្រាប់សមត្ថកិច្ចឲ្យដឹងថា អ្នកបើកបរមិនមានជាតិស្រវឹងទេ នេះដោយសារតែផ្លូវងងឹតពេកមើលផ្លូវអត់ឃើញ ទើបរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវបែបនេះ ។
ទោះយ៉ាងណារថយន្តបង្កត្រូវបានសមត្ថកិច្ច ចុះទៅវាស់វែងនិងស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីសងសំណងខូចខាតរបស់រដ្ឋវិញ ៕
ដោយ៖ ប្រាថ្នា