ក្នុងពេលដែលរុស្ស៊ីប្រកាសពីគម្រោងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នោះ នៅពេលនេះ អគ្គនាយកក្រុមហ៊ុនជីវសាស្ត្រអាមេរិក Moderna – Stephane Bagar បានប្រកាសចាប់ផ្តើមដំណើរការសាកល្បងដំណាក់កាលទី៣នៅលើមនុស្សពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
សារព័ត៌មាន Financial Times បានផ្សាយថា ក្រុមហ៊ុន Moderna បានកំណត់តម្លៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទ (mRNA-1273) មានតម្លៃ ៥០-៦០ ដុល្លារ សម្រាប់ចាក់ពីរម្ជុល។ ទាំងនោះជាតម្លៃប្រើប្រាស់នៅលើទឹកដីអាមេរិក ហើយការលក់នៅក្រៅប្រទេសនឹងមានតម្លៃថ្លៃជាងនេះ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថ Pfizer របស់អាមេរិក និងដៃគូBioNTech របស់អាល្លឺម៉ង់ ក្នុងការផលិតវ៉ាក់សាំង vaccine COVID-19 គឺមានតម្លៃតែ៣៩ ដុល្លារប៉ុណ្ណោះ ទាបជាងវ៉ាក់សាំងរបស់ក្រុមហ៊ុនModerna។ ប៉ុន្តែចំពោះក្រុមហ៊ុន Moderna វិញមិនទាន់ចេញតម្លៃចុងក្រោយនៅឡើយទេ។ ក្រុមហ៊ុនក៏បានប្រកាសរក្សាការសម្ងាត់ ពីតម្លៃតាមកិច្ចព្រមព្រៀង។
បច្ចុប្បន្ននៅលើពិភពលោក កំពុងតែស្រាវជ្រាវ វ៉ាក់សាំង ២០ប្រភេទប្រឆាំងកូវីដ-១៩ ហើយប្រទេសដែលមានក្រុមស្រាវជ្រាវវេជ្ជសាស្ត្រ ពូកែៗដូចជា អាមេរិក ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ កំពុងតែ ប្រកួតប្រជែងគ្នាក្នុងការផលិតវ៉ាក់សាំងដាក់លក់នៅលើទីផ្សារឲ្យបានមុនគេបង្អស់៕