ខេត្តត្បូងឃ្មុំ ៖ មនុស្សប្រុសស្រី៣នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តដឹកខ្សាច់បុកហើយកិននៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
លោកវរសេនីយ៍ទោ គង់ សុីហុង អធិការរងនគរបាលស្រុកត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ អោក សៅ ហៅម៉ាប់ អាយុ៣៣ឆ្នាំជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០១៨ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-5029 ឌុបស្រ្តីពីរនាក់ជិះពីខាងក្រោយ ក្នុងនោះម្នាក់ជាប្រពន្ធឈ្មោះ សន សុខខឿន អាយុ៣៤ឆ្នាំ និងស្រ្តីម្នាក់ទៀតឈ្មោះ ស៊ិន សុខខេន អាយុ២៧ឆ្នាំ។ អ្នកទាំងបីមានទីលំនៅភូមិខ្នប់ដំរីត្បូង ឃុំដំរិល ស្រុកអូររាំងឪ។
លោកអធិការរងបានឱ្យដឹងទៀតថា ចំណែកខាងរថយន្តពាក់ស្លាកលេខ រតនគិរី 3A-0077 ម៉ាកហ៊ីយ៉ាន់ដាយបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ហើយក្រោយកើតហេតុអ្នកបើកបរបានគេចខ្លួនបាត់។
សាក្សីនៅកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា នៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី ២៩ ខែកក្កដានេះរថយន្តបែនដឹកខ្សាច់ខាងលើ ដែលបានបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ចេញពីខាងក្រោមស្ពានគីហ្ស៊ូណាខាងទន្លេបិទ បានបើកបរឡើងមកលើផ្លូវជាតិលេខ៧ សំដៅទៅទិសត្បូងឃ្មុំ។
ប្រភពដដែលបាននិយាយទៀតថា ពេលមកដល់ចំណុចខាងលើក៏មានម៉ូតូមួយគ្រឿងជិះគ្នាបីនាក់ បានបើកវ៉ារថយន្តធុនតូចមួយដែលកំពុងបើកបរពីទិសស្រុកត្បូងឃ្មុំ ក៏ជ្រុលទៅបុកជាមួយរថយន្តដឹកខ្សាច់យ៉ាងពេញទំហឹងបណ្តាលឱ្យខាងម៉ូតូស្លាប់ទាំងបីនាក់ ដោយបែកដាច់ សាកសពចេញពីខ្លួនរបស់ស្រ្តីពីរនាក់ដែលជិះពីខាងក្រោយ។
លោក គង់ សុីហុង នៅបានបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សចំនួនបីនាក់នេះបណ្តាលមកពីការបើកបរវ៉ាជែង ធ្វើឱ្យខូចខាតម៉ូតូកម្រិតធ្ងន់ និងខាងរថយន្តខូចខាតកម្រិតស្រាល។ករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕