រុស្ស៊ីសាកល្បងរួចរាល់វ៉ាក់សាំងប្រឆាំង​កូវីដ​-១៩​ ហើយនឹងដាក់បង្ការទូទៅដល់ពលរដ្ឋនៅខែតុលាឆ្នាំ​២០២០

ចែករំលែក៖

រុស្ស៊ីបានឡើងគម្រោងចាក់ថ្នាំបង្ការឆ្លងកូវីដ​-១៩ ដល់ពលរដ្ឋទាំងអស់ នៅខែតុលាក្រោយការសាកល្បងជោគជ័យ​។​
សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ​ Gamaleya នៅទីក្រុងមូស្គូ​ បាន បញ្ចប់ការសាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​។
តាមការលើកឡើងរបស់​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសិស្សសាលា​ជាមនុស្សដំបូងគេដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ។ លោកបន្តទៀតថា នៅខែតុលានឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ដល់ពលរដ្ឋរុស្ស៊ីទាំងអស់។
សារព័ត៌មាន​រ៉យទ័រ​បានផ្សាយថា ​វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ដំបូងគេបង្អស់របស់រុស្ស៊ី​នឹងត្រូវ​អនុម័តនៅថ្ងៃទី​១០ខែសីហា​ ហើយនឹងផ្តល់ជូនក្រុមគ្រូពេទ្យក្រោយការអនុម័ត​។ ប៉ុន្តែរុស្ស៊ីមិនបានប្រកាស​ពីរូបមន្តវិទ្យាសាស្ត្រ​ ពីលទ្ធផលនៃការសាកល្បងនោះទេ ធ្វើឲ្យក្រុមឯកទេសវេជ្ជសាស្ត្របារម្ភខ្លាចរងសម្ពាធនយោបាយដើម្បីផ្សព្វផ្សាយ​រូបភាពប្រទេសជាតិនៅលើឆាកអន្តរជាតិ។
ដើម្បីបញ្ចប់ក្តីបារម្ភពីសហគមន៍អន្តរជាតិ​ រុស្ស៊ី​នឹងប្រកាសរូបមន្តវិទ្យាសាស្ត្រនៅពេលដ៏ខ្លីខាងមុខ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីបានបញ្ជាក់ថា «ក្រុមអ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​បានផ្តោតសំខាន់ទៅលើការផលិតវ៉ាក់សាំងឲ្យបានលឿនបំផុត មិនមែន​ចង់ក្លាយជាប្រទេស ទីមួយនៅលើពិភពលោក​ដែលមានវ៉ាក់សាំងនោះឡើយ​។ គោលដៅរបស់រុស្ស៊ី គឺ​ជួយដល់មនុស្សជាតិឆ្លងផុតពីជំងឺដ៏គ្រោះថ្នាក់នេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print