ក្រសួងការពារជាតិថៃ បានប្រកាសកាលពីថ្ងៃទី២ ខែសីហាថា កម្លាំងទាហានថៃបានសម្រេចផ្អាករាល់សកម្មភាពធ្វើសមយុទ្ធជាមួយទាហានអាមេរិក ក្រោយ ទាហានថៃ៩នាក់ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីចូលរួមធ្វើសមយុទ្ធនៅកោះហាវៃជាមួយទាហានអាមេរិក។
កម្លាំងទាហានថៃ ១៥១នាក់ ទើបតែវិលត្រឡប់មកពីកោះហាវៃអាមេរិក បន្ទាប់ពីចូលរួមធ្វើសមយុទ្ធមានឈ្មោះថា Lightning Forge 2020 ក្នុងរយៈពេល ៣សប្តាហ៍ កាលពីខែកក្កដា។ ក្នុងចំណោមទាហាន១៥១នាក់ដែលវិលត្រឡប់មកវិញមាន៩នាក់ឆ្លងកូវីដ ១៩ ចំណែកទាហានផ្សេងទៀតត្រូវបានកាត់ផ្តាច់ដើម្បីតាមដាន។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកKongcheep Tantawanich បានឲ្យដឹងថា«កម្លាំងទាហានប្រទេសនេះសម្រេចផ្អាករាល់សកម្មភាពបញ្ជូនទាហានទៅក្រៅប្រទេស រហូតដល់ស្ថានភាពនៃការឆ្លងកូវីដ១៩គ្រប់គ្រងបានទាំងស្រុង។ជាមួយគ្នានេះដែរថៃក៏បានសម្រេចផ្អាកធ្វើសមយុទ្ធ ក៏ដូចរាល់ការហ្វឹកហាត់ជាមួយទាហាន អាមេរិក។
លោក Nattapon Srisawat ប្រធានគណកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩នៅក្នុងប្រទេសថៃបានឲ្យដឹងថា កម្លាំងទាហានត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការធ្វើដំណើរចេញចូលក្រៅប្រទេសឡើយ។
មកទល់ពេលនេះថៃ មានករណីឆ្លងកូវីដ១៩កើនឡើងដល់ទៅ ៣៣១៧នាក់ក្នុងនោះមាន៥៨នាក់ស្លាប់។ ភាគច្រើនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃ គឺវិលត្រឡប់មកពីក្រៅប្រទេស។ កន្លងមកថៃ បានទប់ស្កាត់ការឆ្លងបានយ៉ាងល្អបំផុត ដោយមិនមានអ្នកឆ្លងក្នុងសហគមន៍រយៈពេល ៦៩ថ្ងៃ៕ ដោយ៖ធីរីណា