ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាត នៅលើដង មហាវិថីឈ្នះឈ្នះ និងចិញ្ចើមផ្លូវឱ្យបានស្អាតជាប្រចាំ អោយមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមអោយបានស្អាត ហើយដើមឈើនៅតាមមហាវិថីនេះក៏ត្រូវតែកាត់លះអោយបានស្អាតផងដែរ ។
លោកឃួង ស្រេង បានណែនាំបែបនេះ ក្នុងឱកាសចុះពិនិត្យផ្លូវវិមានឈ្នះ ឈ្នះ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ខណៈលោក បានដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយ វិថីមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្ដោយមហាវិថីនេះមានបរិស្ថានល្អ មិនមានធូលីដី និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារឃើញថា មានធូលីដី ដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ច្រំផងដែរ ។ ជាងនេះទៅទៀតបញ្ហាការទុកដាក់សំរាម ក៏ជាបញ្ហាប្រឈមមួយដែរ ។ ដូច្នេះលោកស្នើដល់អាជ្ញាធរធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំងលក់ដូររបស់ខ្លួនអោយបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះមានអនាម័យ បរិស្ថាន ល្អ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ_១៩ទាំងអស់គ្នា ខណៈជំងឺនេះបាននិងកំពុងរីក រាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជា ប្រទេសកំពុងតែប្រឈមដែរនោះ។
លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូផងដែរ។
លោកបានបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណៈការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺ បើដើមឈើដែលត្រូវលះមែកគឺត្រូវលះមែកចេញអោយបានស្អាត តែបើដើមឈើដែលងាប់ ក៏ត្រូវ គាស់ចេញនិងដាំបន្ថែមផងដែរ៕ សំរិត