ឥណ្ឌា៖កាលពីថ្ងៃទី២ខែសីហា មានមន្ត្រីឥណ្ឌា ពីររូបឆ្លងកូវីដ១៩ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសថា លោកបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្រោយការធ្វើតេស្តវិជ្ជមានកូវីដ១៩។ នៅលើបណ្តាញសង្គមTwitterលោក Shah បានអំពាវនាវដល់អ្នកដែលបានជួបលោក ក្នុងរយៈពេលកន្លងមក ត្រូវកាត់ផ្តាច់ខ្លួន ដើម្បីធ្វើតេស្តស្វែងរកកូវីដ១៩។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកឥណ្ឌាមានករណីឆ្លងកូវីដ១៩ ខ្ពស់បំផុតមិនធ្លាប់មាន គឺខ្ពស់ជាងប្រទេសនានាទាំងអស់នៅលើពិភពលោក។ ឥណ្ឌាមានអ្នកឆ្លងខ្ពស់ជាង ទាំងអាមេរិក និងប្រេស៊ីល ក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេនៅលើពិភពលោក ដោយមានអ្នកឆ្លងដល់ទៅ 52.783 នាក់ ក្នុងពេល២៤ម៉ោង។ នេះជាថ្ងៃទី៥ហើយដេលប្រទេសអាស៊ីភាគខាងត្បូងមួយនេះមានអ្នកឆ្លងលើសពី៥ម៉ឺននាក់ក្នុងមួយថ្ងៃ។
ប៉ុន្តែប្រទេសមានពលរដ្ឋជាង១,៣ពាន់លាននាក់នេះមានអ្នកស្លាប់ដោយកូវីដ១៩ថយចុះ ពី ៣,៣៣ភាគរយកាលពីខែមិថុនានៅសល់២,១៥ភាគរយនៅខែកក្កដា គឺជាកម្រិតទាបបំផុតចាប់តាំងពីការបិទប្រទេសនៅថ្ងៃទី២៥ ខែមីនា។
គិតដល់វេលាម៉ោង២រសៀលថ្ងៃទី៣ ខែសីហា ឥណ្ឌាមានករណីឆ្លងកូវីដ១៩សរុប 1,807,222 នាក់ ស្លាប់ 38,176នាក់ និងព្យាបាលជាសះស្បើយ1,188,389នាក់ផងដែរ៕