ប្រទេសថៃ៖ យោងតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(ណែវ ណាញូ )បានឱ្យដឹងថា កាលពីវេលាម៉ោង២២ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០កន្លងមក មានហេតុការណ៍បាញ់ប្រហារនៅក្នុងអគារពាណិជ្ជកម្មព្រះរ៉ាម៣ ផ្លូវលេខ៦៦ ខេត្តនន់បុរី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៤នាក់ក្នុងនោះក៏មានស្ត្រីខ្មែរម្នាក់ផងដែរ។
កន្លែងកើតហេតុជាអគារពាណិជ្ជកម្មកម្ពស់៤ជាន់ ដែលនៅជាន់ទី១មាន
បើកកាស៊ីណូ មានទ្វារចេញ-ចូល ត្រូវគេដឹងថាជាកាស៊ីណូរបស់”ហ៊ាទី” ។ពេលសមត្ថកិច្ចត្រួតពិនិត្យក្នុងអគារបាន ប្រទះឃើញមានមនុស្សស្លាប់ចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ នឹងស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ហើយម្នាក់ក្នុងនោះជានាយតម្រួតថ្នាក់វរសេនីយ៍ទោ។បន្ទាប់ពីសាកសួរបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ២២ៈ០០នាទី គេបានឮសំឡេងកាំភ្លើងបាញ់ជាច្រើនគ្រាប់នៅក្នុងកាស៊ីណូខាងលើ។ បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ មានរយៈពេលយូរល្មមក៏នៅតែមិនមានប៉ូលិសនិងសមត្ថកិច្ចក្រុមសង្រ្គោះប្រចាំមូលដ្ឋានទៅដល់ដែរ ធ្វើឲ្យអ្នកភូមិដែលរស់នៅបរិវេណនេះកើតមានការភ័យខ្លាច ហើយថែមទាំងប្រាប់ថា ខាងកាស៊ីណូសុំឲ្យបិទព័ត៌មាន និងឲ្យជញ្ជូនសម្ភារដែលខុសច្បាប់ចេញពីកាស៊ីណូមួយនេះ។ជំហានដំបូងគេមិនស្គាល់ជនបង្កហេតុឡើយ ដោយគេគិតថា ជនល្មើសបានលួចរត់ក្រោយបង្កហេតុរួច។ សម្រាប់មូលហេតុគេសន្និដ្ឋានថា អាចមានបញ្ហារឿងផ្ទាល់ខ្លួន។ បន្ទាប់មកសមត្ថកិច្ចបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដើម្បីពិនិត្យមើលហេតុការណ៍ដែលកើតឡើង រួមជាមួយការតាមប្រមាញ់ជនបង្កយកមកអនុវត្តតាមច្បាប់បន្ត។
អ្នករាយការណ៍ព័ត៌មានបញ្ជាក់ថា កន្លងមក មានអ្នកបើកកាស៊ីណូផ្លាស់មកជួលអគារខាងលើបើកកាស៊ីណូជាច្រើននាក់មកហើយ ដោយចុងក្រោយនេះ”ហ៊ាទី”មកជួលបើកកាស៊ីណូ ហើយមុននឹងកើតហេតុមានបុរសជនជាតិចិនម្នាក់បាននាំយកអាវុធមកគំរាមយកលុយវិញ ដោយសារត្រូវខាងកាស៊ីណូបន្លំយកលុយទៅ ដែលនៅពេលកើតហេតុមានអ្នកលេងល្បែងប្រមាណ៦០នាក់។ អំឡុងពេលបុរសជនជាតិចិនយកកាំភ្លើងមកគំរាមនោះ នាយនគបាលម្នាក់ចូលមក
ចរចា តែមិនព្រមព្រៀងគ្នាបាន ទើបកើតហេតុការណ៍បាញ់ប្រហារគ្នាឡើង។
យោងតាមប្រភពដែលគួរឲ្យជឿជាក់ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះរួមមានជនជាតិថៃចំនួន២នាក់រួមទាំងនាយប៉ូលិសម្នាក់ផងដែរ មានជនជាតិចិនម្នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ត្រូវគេស្គាល់ឈ្មោះម៉ៅ ស្រីពៅ មានអាយុ២៩ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលទៅបម្រើការនៅទីនោះ។
ដោយឡែកក្រោយពីទទួលបានដំណឹងគួរឲ្យរន្ធត់មួយនេះ ក្រុមគ្រួសារនារីរងគ្រោះដែលរស់នៅឯស្រុកបាននាំគ្នាយំសោកបោកខ្លួនស្ដាយស្រណោះ និងប្រាថ្នាចង់បានសាកសពនារីរងគ្រោះយកមកធ្វើបុណ្យនៅប្រទេសខ្មែរ៕ដោយវណ្ណា