ខេត្តបាត់ដំបង៖ កាលពីថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ
២០២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងជំនាញធ្វើការនាំខ្លួនក្មេងប្រុសចំនួន ៣នាក់យកមកធ្វើការសាកសួរស្រាវជ្រាវក្នុងករណីសង្ស័យធ្វើសកម្មភាព(កាត់ជញ្ជាំងតូប)លក់ដូរមួយកន្លែង ស្ថិតនៅក្នុងផ្សារព្រែកក្រូច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចូលទៅលួចយកទ្រព្យសម្បត្តិនៅទីនោះ។
ក្នុងពេលធ្វើការសាកសួរស្រាវជ្រាវដោយមានអាណាព្យាបាលចូលរួមស្តាប់ផងនោះជនសង័្សយវ័យក្មេងបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាត់ជញ្ជាំងតូបលក់ដូរមួយកន្លែង ចូលទៅលួចយកទ្រព្យសម្បត្តិនៅក្នុងនោះប្រាកដមែន ។
ពួកគេទាំង៣នាក់រួមមាន៖
១-ឈ្មោះ សិទ្ធិ មេសា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង,
២-ឈ្មោះ សិទ្ធិ វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង
៣-ឈ្មោះ យ៉ម ផានុ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១ ខែ
សីហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្សារព្រែកក្រូច ស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោសមួយបានកើតឡើងដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព(កាត់ទម្លុះទម្លាយជញ្ជាំងតូបលក់ទូរស័ព្ទ)មួយកន្លែងជារបស់ឈ្មោះ ពេញ សិទ្ធិ ភេទប្រុស
អាយុ៣៣ឆ្នាំដែលរស់នៅនិងប្រកបមុខរបរនៅចំណុចកើតហេតុខាងលើ ហើយក្នុងសកម្មភាពនេះជនសង័្សយបានលួចយកទ្រព្យសម្បត្តិមួយចំនួនរួមមាន៖
១-ទូរសព្ទ័ដៃចំនួន ៦គ្រឿង
២-កូនធុងបាស់(ស្ពីឃរ័ Speaker)ចំនួន ៤គ្រឿង
៣-ផាវឺេបែង Power Bankចំនួន ៤គ្រឿង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលធ្វើការដកហូតបានទ្រព្យសម្បត្តិប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយដោយទទួលបាននូវអនុសាសន៍ណែនាំពីលោក គឺ បុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ត្រូវបានធ្វើកំណត់ហេតុ
កិច្ចសន្យាអប់រំណែនាំនៅចំពោះមុខអាណាព្យាបាលរបស់ពួកគេនិងបានប្រគល់ឱ្យយកទៅធ្វើការអប់រំនៅមូលដ្ឋានវិញ ដោយសារពួកគេស្ថិតនៅជា(អនីតិជន)នៅឡើយ។
លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលឱ្យបានជាប់ជាប្រចាំ និងផ្តល់ព័ត៌មានបានទាន់ពេលវេលាក្នុងករណីមានអំពើល្មើសណាមួយកើតឡើងដើម្បីសមត្ថកិច្ចមានលទ្ធភាពក្នុងការចាត់វិធានការស្រាវជ្រាវនិងបង្រ្កាបបានទាន់ពេលវេលា។ ជាមួយនេះដែរ លោកសំណូមពរដល់អ្នកអាណាព្យាបាល របស់ក្មេងៗសូមធ្វើការតាមដាននិងអប់រំណែនាំជាប់ជាប្រចាំដល់ពួកគេឱ្យបានល្អ កុំឱ្យពួកគេដើរធ្វើសកម្មភាពល្មើសច្បាប់ ទាំងពួកគេនៅវ័យក្មេងបែបនេះ ៕ដោយ ស សម