កម្លាំងជួយសង្គ្រោះលីបង់បានរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់ក្រោមគំនរបាក់បែក។ មកទល់ពេលនេះមាន អ្នកស្លាប់កើនឡើងដល់ទៅ១៣៥នាក់ហើយនិងរបួសជាង៥០០០នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់ លោក Hamad Hassan បានបញ្ជាក់ថា មានពលរដ្ឋជាង៥០០០នាក់ រងរបួសនៅក្នុងហេតុការណ៍ផ្ទុះនៅកំពង់ផែBeyrouth ។ ជាមួយគ្នានេះមានពលរដ្ឋ ដល់ទៅ២៥០ពាន់នាក់បាត់បង់ផ្ទះសម្បែង។ លោក Hamad Hassan បានបញ្ជាក់ទៀតថាចំនួនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ ដោយមានពលរដ្ឋរាប់សិបនាក់បាត់ខ្លួន អាចកប់ក្រោមគំនរអាគារបាក់បែក។
គណៈរដ្ឋមន្ត្រីលីបង់បានសម្រេចប្រកាសអាសន្នរយៈពេល២សប្តាហ៍នៅរដ្ឋធានីBeyrouthក្រោយសោកនាដកម្មកើតឡើង។កម្លាំងទាហានត្រូវបានដាក់ពង្រាយនៅទីក្រុងនេះដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់។
អភិបាលក្រុង Beyrouth t លោក Marwan Abboud បាននិយាយទៅកាន់បណ្តាញព័ត៌មាន Al Hadath TV ថាការផ្ទុះនៅកំពង់ផែ បានបំផ្លាញ ទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងតិចពី១០-១៥ពាន់លានដុល្លារអាមេរិក។
ចំណែកប្រធានគ្រប់គ្រងកំពង់ផែ Beyrouth លោក Hassan Koraytem បានបញ្ជាក់ថាឃ្លាំងរក្សាទុកសារធាតុammonium nitrate តាំងពី៦ឆ្នាំមុន តាមបញ្ជារបស់តុលាការប៉ុន្តែមន្ដ្រីគ្រប់គ្រងកំពង់ផែបានស្នើជាច្រើនលើកឲ្យយកចេញពីទីនេះ ដោយការរក្សាទុកនៅកំពុងប្រឈមគ្រោះថ្នាក់ខ្លាំង៕ ដោយធីរីណា