ខេត្តព្រះសីហនុ៖ ជាញឹកញាប់បំផុត ត្រូវបានគេឃើញជាក់ៗស្តែង ចំពោះរថយន្តដឹកស្រាបៀរអង្គរ តែងបង្កគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាលើកំណាត់ផ្លូវជាតិ បើកក្រឡាប់នេះជាដើម ធ្លាយចេញស្រាបៀរទាំងកេសៗ ករណីខ្លះបណ្តាលឱ្យមនុស្សគ្រោះថ្នាក់របួស ស្លាប់នោះទៀតផង។
សូមបញ្ជាក់ថា៖ កាលពីម្សិលមុិញ វេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ រថយន្តដឹកស្រាបៀរអង្គរ មួយគ្រឿងដឹកស្រាបៀរចេញពីក្រុមហ៊ុនផលិតស្រាបៀររបស់ខ្លួន ចុះចំណោត ក៏បណ្តាលធ្លាក់ប្រឡាយក្រឡាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ពិសេសប្រជាពលរដ្ឋមក ដណ្តើមគ្នារើសស្រាបៀរយ៉ាងប្រសេកប្រសាច ។
ករណីក្រឡាប់រថយន្តដឹកស្រាបៀរអង្គរនេះ ស្ថិតនៅមុខទីតាំងក្រុមហ៊ុនផលិតស្រាបៀរអង្គរតែម្តង ចំណុចឃ្លាំងលើ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ សំណាងល្អដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និងអ្នកបើកបរ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា៖ រថយន្តខាងលើដឹកស្រារអង្គរចំនួន ២៣៤០កេស ផ្ទុកធ្ងន់ បើកចុះចំណោត ក៏បណ្តាលធ្លាក់ប្រឡាយក្រឡាប់ ។
ក្រោយកើតហេតុ មានប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់ ជាច្រើននាក់ មកនាំគ្នារើសស្រាបៀរ ដែលធ្លាក់រប៉ាត់រប៉ាយនោះ ។
ប្រជាពលរដ្ឋរិៈគន់ថា មុននឹងធ្វើការដឹកជញ្ជូនស្រាបៀរ គួរតែខាងអ្នកគ្រប់គ្រងរថយន្ត ឱ្យអ្នកបើកបរ ពិនិត្យមើលបច្ចេកទេស ឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់បន្ថយហានីភ័យ គ្រោះថ្នាក់កើតឡើងដោយយថាហេតុខ្វះការត្រួតពិនិត្យបច្ចេកទេសរថយន្ត។
នេះមិនមែនជាលើកទី១ទេ ដែលរថយន្តដឹកស្រាបៀរអង្គរ ធ្លាប់ក្រឡាប់ និងបង្កករណីគ្រោះថ្នាក់ចរាចរណ៍។
សូមបើកបរគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ខ្លួនអ្នក និងអ្នកដទៃ ។ បើស្រវឹងកុំបើកបរ ពិសេសបើបើកឡានដឹកស្រាបៀរ កុំពិសារស្រា ៕
ដោយ៖ សិលា
https://youtu.be/BW9Z0w6mxpk