ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានផ្តល់អនុសាសន៍៥ចំណុចដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញដើម្បីធ្វើឲ្យប្រសើរថែមទៀតនូវបរិស្ថានរាជធានី។ លោក អ៊ាង សុផល្លែត ផ្តល់អនុសាសន៍នេះ នៅក្នុងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ឆមាសទី១ និងទិសដៅការងារឆមាសទី២ បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ និងមានការចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី តំណាងអគ្គនាយកទាំង៥ នៃក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រោមឱវាទ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញមួយចំនួនផងដែរ។
កិច្ចប្រជុំ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានផ្តល់អនុសាសន៍ មួយចំនួនរួមមាន៖
ទី១៖ បន្តជំរុញការបណ្តុះបណ្តាល ផ្សព្វផ្សាយដល់គ្រឹះស្ថានសិក្សា អំពីការវេចខ្ចប់ទុកដាក់ និងបញ្ចេញសំរាមឲ្យបានត្រឹមត្រូវ ឲ្យបានគ្រប់គ្រឹះស្ថានសិក្សារបស់រដ្ឋ។
ទី២៖ ពង្រីកការអប់រំផ្សព្វផ្សាយ នៅតាមបណ្តារោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងតាមសហគមន៍នានា ឲ្យបានច្រើន។
ទី៣៖ បន្ទាប់ពីចុះពិនិត្យទីតាំងកំណត់ការបញ្ចេញកាកសំណល់រឹងប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋរួច សូមពិនិត្យមើលទីតាំងតែមួយ ដើម្បីកាត់បន្ថយទីតាំងបញ្ចេញសំរាម។
ទី៤៖ រៀបចំសិក្សាគម្រោងបង្កើតវិថីមេត្រីភាពបរិស្ថាន ដែលនៅតាមដងវិថីនេះ មានផ្លូវដើរប្រកបដោយដើមឈើពណ៌បៃតង អាជីវករ និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមិនប្រើប្រាស់ថង់ប្លាស្ទិក។
ទី៥៖ ចុះអប់រំផ្សព្វផ្សាយតាមបុរីនានា និងណែនាំដល់ម្ចាស់បុរី ឲ្យធ្វើការជ្រើសរើសទីតាំង ទុកដាក់សំរាម សំណល់រឹងរួមរបស់បុរី ដើម្បីងាយស្រួលដឹកជញ្ជូនចេញ៕
ដោយ៖ សិលា