រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម  ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការក្រើនរំលឹកដល់បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា៖ នាថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី  ០៧ ខែសីហា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម  ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ បងប្អូន និងសហភាតរៈ ជាមន្ត្រី បុគ្គលិកសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់ ទាំងបងប្អូនដែលកំពុងបំរើសេវាសុខភាពជូនអ្នកជំងឺកូវីដ-១៩ នៅតាមន្ទីរពេទ្យ ក៏ដូចជាបងប្អូនដែលកំពុងបំរើសេវាជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចត្តាឡីស័ក នៅតាមមន្ទីរពិសោធន៏ និងនៅពេលយកវត្ថុសំណាកធ្វើវិភាគ ព្រមទាំងនៅតាមសហគមន៏ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ក្នុងការផ្តល់សេវាប្រកបដោយសីលធ៌មវិជ្ជាជីវៈពេទ្យកំរិតខ្ពស់។

 លោក រដ្ឋមន្ត្រី ក៏ សូមសម្តែងនូវការកោតសរសើរ ដល់មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់នៅទូទាំងប្រទេស ដែលបានប្រុងប្រយត្ន័ការពារខ្លួនខ្ពស់ មិនអោយមានការចម្លងវីរុសកូវីដ-១៩ មកមន្រ្តី បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ ក្នុងពេលបំពេញភារកិច្ចដ៏វិសេសថ្លៃថ្លាជូនប្រជាពលរដ្ឋនាពេលកន្លងមក។ 

ដោយសារសង្កេតឃើញថា នៅបណ្តាប្រទេសមួយចំនួនលើសាកលលោក មានការឆ្លងវីរុសកូវីដ-១៩ មកក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល មួយចំនួនហើយនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមផ្តាំផ្ញើដល់ បុគ្គលិក មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ នៅទូទាំងប្រទេស សូមបន្តកិច្ចសហការគ្នាឲ្យកាន់តែល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ការការចម្លងវីរុសកូវីដ-១៩ គ្រប់ពេលវេលា ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ ជាពិសេសក្នុងពេលបំពេញការងារផ្តល់សេវាបម្រើបងប្អូនប្រជាពលរដ្ឋ។ ថ្វីត្បិតតែបច្ចុប្បន្ននេះ ករណីឆ្លងវីរុសកូវីដ-១៩ ថ្មី នៅប្រទេសកម្ពុជាយើង សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសក៏ដោយ ក៏សូមបុគ្គលិក មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងប្រជាពលរដ្ឋកម្ពុចាទូទៅ ត្រូវតែនាំគ្នាបន្តការប្រុងប្រយត្ន័ដោយអនុវត្តវិធានការការពារខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា បុគ្គលមិនមានការចម្លងវីរុសកូវីដ-១៩ មិនមានការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត និងមិនមានការចម្លងចូលក្នុងសហគមន៍យើង ព្រោះថា ហានិភ័យនៃការចម្លងចូលមកកម្ពុជា នៅតែមាន ដោយសារការរាតត្បាត នៃវីរុសដ៏កាចសាហាវនេះនៅក្នុងបណ្តាប្រទេសលើពិភពលោក និងប្រទេសជិតខាងរបស់យើង ពុំទាន់មានការថមថយនៅឡើយ ហើយការចល័តធ្វើដំណើររបស់ប្រជាជនក្នុងពិភពលោក មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៀត ជំងឺនេះ ពុំទាន់មានវ៉ាក់សាំង ឬឱសថសម្រាប់ព្យាបាលជំងឺដ៏សាហាវមួយនេះនៅឡើយទេ។

លោកសាស្ត្រាចារ្យ ម៉ម  ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជូនពរដល់បុគ្គលិក មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងបងប្អូនប្រជាលរដ្ឋទូទៅ សូមមានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print