ខេត្តតាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញមកស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណៈគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម នៅព្រឹកថ្ងៃទី៨ ខែសីហានេះ។ បងស្រី ភារម្យ បានជម្រាបជូនលោករដ្ឋមន្រ្តីថា បងស្រីចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ ផ្តើមចេញពីមេមាន់ ៥ក្បាល ជាបណ្តើរៗដោយមានការគាំទ្រពីគម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់គ្រួសារក្រីក្រ” គាំទ្រដោយរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន និងគម្រោងស្តីពី ” ការផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)” គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD។ មានសមាជិក ៧០គ្រួសារ សម្រាប់បងស្រីបច្ចុប្បន្នមានមេមាន់ ២០០ក្បាល ។ ដោយប្រមូលទិញស៊ុតពីសមាជិកយកមកភ្ញាស់ ១គ្រាប់ថ្លៃ ១៣០០រៀល ក្នុង១ថ្ងៃភ្ញាស់បាន ២០ ០០០កូន លក់ទៅកាន់ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ កំពត និងតំបន់ជិតខាង ក្នុងតម្លៃ ៣៥០០រៀល/ក្បាល។ សម្រាប់បងស្រី ភារម្យ លក់ទូភ្ញាស់ កូនមាន់ និងស៊ុតមាន់ផង ក្នុង ១ខែអាចរកបានចំណូល ជាង ២៥០០ដុល្លារ/ខែ ដោយឡែងក្នុងក្រុមទាំងមូលជាមធ្យមទទួល ៣០១លានរៀល/ខែ ក្រោយពេលដកចំណាយថ្នាំការពារ ចំណី និងអគ្គីសនី នៅសល់ជាង ៩១ លានរៀល/ខែ។
តាមរយៈលោករដ្ឋមន្ត្រី បងស្រីបានសម្តែងនូវអំណរគុណសន្តិភាព ម្ចាស់ជំនួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានថែរក្សា ការពារសន្តិភាពបង្កលក្ខណងាយស្រួលឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបស់កសិកម្មចិញ្ចឹមជីវិត និងរស់នៅជួបជុំគ្រួសារប្រកបដោយសុខដុមរមនា និងបានទទួលបច្ចេកទេសកសិកម្ម (ចិញ្ចឹម និងភ្ញាស់) មាន់ស្រែបានទទួលជោគជ័យដូចថ្ងៃនេះ។ តាមរយៈលោករដ្ឋមន្ត្រី បងស្រីបានស្នើឲ្យអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធជួយគិតគូដោះស្រាយបញ្ហាតម្លៃភ្លើង ចំណីមាន់ ផ្លូវលំក្នុងភូមិ។
បានឃើញជាក់ច្បាស់ថាអាជីវកម្មរបស់បងស្រី ភារម្យពិតជាទទួលបានជោគជ័យមែន រួមទាំងសមាជិកផង លោករដ្ឋមន្ត្រីបានកោតសរសើរ និងគាំទ្រឲ្យបងស្រី និងសមាជិកទាំង ៧០ គ្រួសារ ខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង២០៥០។ នាឱកាសនេះ ដើម្បីជួយលើកទឹកចិត្ត លោករដ្ឋមន្ត្រីបានជួយឧបត្ថម្ភឲ្យដល់បណ្តុំអាជីវកម្មចំនួន ១លានរៀលផងដែរ។
ចំពោះបងប្អូនដែលមានបំណងចង់សិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹម ភ្ញាស់ សួរនាំតម្លៃស៊ុតមាន់ មាន់សាច់ និងជាវទូភ្ញាស់សូមអញ្ជើញទាក់ទងបងស្រីផ្ទាល់តាមរយ:លេខ ០៩៥ ៤១៤៤៩៧/០៩៦ ៣២៦១៣០៧/០៨៨ ៨៨៣៨៦៥៥៕
ដោយ៖ សិលា