លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា និងចរចាថ្លៃបន្តបន្ទាប់ សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៦ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា និងចរចាថ្លៃបន្តបន្ទាប់ សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំថវិកាឥណទានក្រោមក្របខ័ណ្ឌថវិកាឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ។
កិច្ចប្រជុំខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សាGuangzhou Wanan Construction Supervision Co., Ltd. ។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត គោលបំណងសំខាន់របស់គម្រោងគឺ ការកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែយាយីដល់រាជធានីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពលពីរបបទឹកស្ទឹងព្រែកត្នោត ក៏ដូចជាបង្កើនអត្រាការប្រើប្រាស់ដីស្រែ ការកែលម្អលក្ខខណ្ឌដាំដុះ បង្កើនផលិតកម្មស្បៀង ទាំងនេះ សុទ្ធតែជាភាពចាំបាច់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត អាចជួយកាត់បន្ថយទឹកជំនន់ ការពារទំហំផ្ទៃដីបានចំនួន ២៤៥ គីឡូម៉ែត្រការ៉េ ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ បានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំង និងបានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print