សារព័ត៌មាន Sputnik បានផ្សាយថា ប្រធានាធិបតី Rodrigo Duterte បានប្រកាសថា លោក
ស្ម័គ្រចិត្តសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ពីរុស្ស៊ីមុនគេ ក្នុងពេលដែលវ៉ាក់សាំងបានបញ្ជូនមកដល់ប្រទេសហ្វុីលីពីន។
កាលពី ថ្ងៃទី១០ ខែសីហា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅហ្វុីលីពីន លោកIgor Khovaev បានបញ្ជាក់ថាទីក្រុងមូស្គូបានអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ហើយនឹងផ្គត់ផ្គង់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីDuterte បានយល់ព្រមទិញវ៉ាក់សាំងពីប្រទេសរុស្ស៊ី ។ កន្លងមក ហ្វុីលីពីនបានព្រមព្រៀងទិញវ៉ាក់សាំងពីប្រទេសចិន។
មិនតែប៉ុណ្ណោះប្រធានាធិបតី ហ្វុីលីពីនបានប្រកាសថា លោកនឹងសាកល្បងវ៉ាក់សាំងដោយបើកចំហមុនពេលឲ្យពលរដ្ឋប្រើប្រាស់។ ការសម្រេចទិញវ៉ាក់សាំងពីរុស្ស៊ី បានបង្ហាញយ៉ាងច្បាស់ពីការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។
រុស្ស៊ីមានគម្រោងអនុម័តឲ្យប្រើប្រាស់វ៉ាក់សំាងប្រឆាំងកូវីដ-១៩នៅថ្ងៃទី១២ ខែសីហានេះ ប៉ុន្តែដោយសារតែការសាកល្បងដំណាក់កាលចុងក្រោយមិនទាន់បញ្ចប់ពេលវេលា ទើបរុស្ស៊ីសម្រេចពន្យារពេល។ ប្រសិនបើវ៉ាក់សាំងត្រូវបានអនុម័ត នឹងមានការផលិតជាទ្រង់ទ្រាយធំនៅដើមខែកញ្ញា ហើយនៅខែតុលានឹងមានវ៉ាក់សាំង ប្រើប្រាស់ជាផ្លូវការ៕