ខេត្តរតនគិរី៖ បុរសម្នាក់ដោយសារតែខឹងមេឃុំកោះហៅឱ្យទៅបំភ្លឺករណីវិវាទក្នុងគ្រួសារញឹកញាប់ពេកក៏យកអាវុធខុសច្បាប់ទៅបាញ់គំរាមហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់យកទៅបាញ់គំរាមមេឃុំនោះត្រូវបានសមត្ថកិច្ចធ្វើឡើងបន្ទាប់ពីជនសង្ស័យធ្វើសកម្មមភាពភ្លាមៗនាវេលាម៉ោង៥ៈ៣០នាទីល្ងាច ថ្ងៃទី១១ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលប្រេីប្រាស់អាវុធខុសច្បាប់ហើយត្រូវឃាត់ខ្លួនបាននោះឈ្មោះថាត់ យីវ អាយុ៤១ឆ្នាំ ជនជាតិគ្រឹងមុខរបរធ្វើចម្ការ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ជនសង្ស័យរូបនេះបានធ្វេីសកម្មភាពប្រដាប់ដោយអាវុធAKស្វាយវែងផលិតនៅអតីតសហភាពសូវៀតហើយបានបាញ់ឡេីងលេីគំរាមលោកមេឃុំចំនួន៣គ្រាប់ដោយសារមូលហេតុខឹងនឹងលោកមេឃុំធ្វេីលិខិតកោះអញ្ជេីញញឹកញាប់ពេកឱ្យចូលខ្លួនដេីម្បីសម្របសម្រួលរឿងវិវាទក្នុងគ្រួសារ។
ប្រភពបន្តទៀតថា ជនសង្ស័យបានប្រើប្រាស់អាវុធខុសច្បាប់ដែលខ្លួនបានលាក់ទុកនៅក្នុងផ្ទះជាយូតមកហើយ
សម្បីតែប្រពន្ធរបស់ខ្លួនក៏មិនដែលបានដឹងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋានស្រុកអូរជុំ ដេីម្បីបំពេញនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមច្បាប់៕ ដោយ ជីវ័ន្ត