អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ពលរដ្ឋអាមេរិកនឹងត្រូវរៀនភាសាចិន ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។
លោកត្រាំបញ្ជាក់ថា បេក្ខភាពចូ បៃឌិន ពិតជាទន់ជ្រាយចំពោះចិន បើទោះបីពេលឃោសនាបោះឆ្នោតលោកបៃឌិនបង្ហាញពីភាពរឹងមាំមុឺងម៉ាត់ចំពោះទីក្រុងប៉េកាំងក្តី។
លោកត្រាំបានលើកឡើងថា «អ្វីដែលពួកគេ(ក្រុមបេក្ខភាពប្រធានាធិបតីបៃឌិន)និងចិនកំពុងតែរង់ចាំនោះ គឺការយកឈ្នះមកលើរូបខ្ញុំក្នុងពេលបោះឆ្នោត ហើយចិននិឹងគ្រប់គ្រងអាមេរិក»។ លោកត្រាំបន្តទៀតថា «បើខ្ញុំមិនជាប់ឆ្នោតចិននិឹងគ្រប់គ្រងអាមេរិក ហើយពលរដ្ឋអាេមរិកត្រូវរៀនភាសាចិន។
នៅពេលនេះដែរ បេក្ខភាពប្រធានាធិបតី ចូ បៃឌិន បានថ្កោលទោសយ៉ាងខ្លាំងដល់ លោកត្រាំ ដែលបានលើកឡើងអំពីបញ្ហាខាងលើ ។ លោក Andrew Bates អ្នកនំាពាក្យក្រុមឃោសនាបោះឆ្នោតរបស់លោក ចូ បៃឌិន បានលើកឡើងថា «ដោយសារតែការបរាជ័យរបស់លោកត្រាំទើបធ្វើឲ្យចិនកាន់តែខ្លាំង ហើយអាមេរិកកាន់តែធ្លាក់ចុះ ។ ចំពោះចិន លោកត្រាំគឺជាប្រធានាធិបតីដែលទន់ខ្យោយបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។
ក្នុងពេលវិបត្តិសុខាភិបាលអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក លោកត្រាំបែរជាផ្សព្វផ្សាយទម្លាក់ទៅលើចិន ដើម្បីការពារខ្លួនដែលមិនមានសកម្មភាពណាមួយទប់ស្កាត់នោះឡើយ។
លោក Andrew Bates បន្តទៀតថា លោកត្រាំបានបន្សល់ទុកនូវចន្លោះប្រហោងឥទ្ធិពលយ៉ាងធំនៅលើពិភពលោក ហើយចិនបានចូលទៅបំពេញចន្លោះប្រហោងនោះ។ ទាំងនោះហើយគឺជាហេតុផលដែលមន្ត្រីចិនជាច្រើនបង្ហាញការគាំទ្របើកចំហដល់លោកត្រាំ ៕