ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសជាផ្លូវការអំពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោក ហើយវ៉ាក់សាំងនោះ មានឈ្មោះថា Sputnik V ដែលនៅពេលនេះមានប្រទេសចំនួន២០ ហើយបានបញ្ជាទិញវ៉ាក់សាំងរបស់រុស្សីុ តើវ៉ាក់សាំងនោះមានតម្លៃប៉ុន្មាន?
បណ្តាញទូរទស្សន៍Rossya 24 របស់រុស្ស៊ីកាលពីយប់ថ្ងៃទី១២ខែសីហា បានផ្សាយថា ប្រធានគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន R-Pharm លោក Alexey Repik បានប្រកាសថា តម្លៃវ៉ាក់សាំងSputnik V ដែលលក់ចេញទៅក្រៅប្រទេសមានតម្លៃប្រមាណ១០ ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ពីរដូស។
តាមការលើកឡើងរបស់លោក Alexey Repik បានបញ្ជាក់ថា វ៉ាក់សាំងដំបូងនាំចេញគឺមានតម្លៃថ្លៃ ប៉ុន្តែក្រោយមក វ៉ាក់សាំងផលិតបានចំនួនច្រើនហើយនោះនឹងមានតម្លៃទាបវិញ។
វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំបូងគេបង្អស់របស់រុស្ស៊ី ផលិតដោយមជ្ឈមណ្ឌលជាតិស្រាវជ្រាវជីវសាស្ត្រ Gamaley (SIC) សហការជាមួយក្រសួងការពារជាតិ ស្រាវជ្រាវនិងផលិតវ៉ាក់សាំង ខាងលើ។
ក្រោយការប្រកាសថាជាប្រទេសទីមួយនៅលើពិភពលោកមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅពេលនេះមានប្រទេសជាច្រើន ពិសេស សហរដ្ឋអាមេរិក បានបង្ហាញពីការមន្ទិលសង្ស័យពីកម្រិតសុវត្ថិភាពរបស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្សីុ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ ៕