ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើ ប្រកាសដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់ស្ថាប័នសហការជាមួយកម្លាំងជំនាញត្រូវ បង្កើនការស្រាវជ្រាវរបស់ខ្លួនប្រមូលព័ត៌មាន ដើម្បីតាមចាប់ខ្លួនឧក្រិដ្ឋជនមេក្លោងធំៗ កាត់ផ្តាច់ខ្សែបណ្តាញការជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
នេះគឺជាប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ស ខេង នៅក្នុងពិធីបិទសន្និបាតបូកសរុប ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ លើកទិសដៅបន្តឆ្នាំ២០១៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវប្រសាសន៍សង្កត់ធ្ងន់ថា សកម្មភាពជួញដូរគ្រឿងញៀនគឺជាក្តីបារម្មណ៍របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ហើយក៏ជាក្តីបារម្មណ៍របស់ប្រជាពលរដ្ឋរបស់យើង គ្រប់រូបរស់នៅក្នុងមូលដ្ឋាន ហើយការងារនេះមានភាពរាំរ៉ៃ និងស្មុគស្មាញតាំងពីយូរ យាណាស់មកហើយផងដែរ។
ស្របគ្នានឹងសកម្មភាពបង្ក្រាបជនល្មើស និងអ្នកប្រើប្រាស់ដ៏ស្វិតស្វាញរបស់ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យសមត្ថកិច្ចជំនាញបង្កើនចាប់ខ្លួនមេក្លោង និងខិតខំប្រមូលព័ត៌មានស្រាវជ្រាវរកខ្សែបណ្តាញធំៗដើម្បីបង្ក្រាបនឹងក្បាលម៉ាស៊ីនចែកចាយក្នុងស្រុកសំដៅកាត់ផ្តាច់ខ្សែរយៈ កំចាត់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀននេះ។ ក្នុងនោះសម្តេចក៏បានសន្យាថានឹងផ្តល់រង្វាន់លើកទឹកចិត្តដល់សមត្ថកិច្ចផងដែរក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀន និងមេក្លោង។
ដោយឡែកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺលោកឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន ក៏បានថ្លែងលើកឡើងដែរថា ក្នុងឆ្នាំកន្លងមកកម្លាំងនគរបាលបាន សហការបង្ក្រាបបទល្មើសគ្រឿងញៀនបានច្រើន ប៉ុន្តែសកម្មភាពចរាចរណ៍ជួញដូរ របស់ក្រុមជនល្មើសនៅតែបន្តកើតមានជាធម្មតា។ លោកឧបនាយករដ្ឋមន្ត្រីបន្តថា ការបង្ក្រាបនោះគឺមាន៥៤ករណីសុទ្ធជាមេខ្លោង។
លោកឧត្តមសេនីយ៍ឯក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានបញ្ជាក់ក្នុងរបាយការណ៍ថា នៅឆ្នាំ២០១៥សមត្ថកិច្ចអនុវត្តន៍បង្ក្រាប គ្រឿងញៀនសរុបបានជាង៣០៦១ករណី កើនឡើង១២៩%បើប្រៀបធៀបឆ្នាំ២០១៤។ ក្នុងនោះបង្ក្រាបឃាត់ខ្លួនជនល្មើសសរុប៧០០៨នាក់ ស្ត្រីមាន៨៥៣នាក់ កើនឡើង ១២៣%បើប្រៀបធៀបនឹងឆ្នាំ២០១៤។ ដោយឡែកវត្ថុតាងនិងសារធាតិញៀនត្រូវបាន សមត្ថកិច្ចដកហូតបានចំនួនជាង១តោន៦២០គីឡូក្រាមផងដែរ៕
ដោយ៖ តាឡឹម