ភ្នំពេញ៖ រដូវវស្សាគឺជារដូវពងកូនរបស់សត្វត្រយងយក្សដែលជាបក្សីជិតផុតពូជបំផុតនិងជានិមិត្តសញ្ញាបក្សីជាតិកម្ពុជា។ សត្វត្រយងយក្សជាសត្វ ដែលជ្រើសទីតាំងដ៏សែនដាច់ស្រយ៉ាលដើម្បីធ្វើសំបុក។ ក្រោមការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង(GPL) នៅក្នុងពាក់កណ្តាលរដូវពងកូនក្នុងឆ្នាំនេះ ក្រុមការពារសំបុកសត្វនៃអង្គការ WCS/GPL សហការជាមួយមន្រ្តីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បានរកឃើញសម្បុកសត្វត្រយងយក្ស ៨សំបុក គិតចាប់ពីដើមរដូវពងកូនកាលពីខែឧសភាកន្លងមក។ ក្រុមការពារសំបុកសត្វស្លាបបានប៉ាន់ប្រមាណថា ចំនួនសំបុកត្រយ៉ងយក្សនេះនឹងកើនឡើងចាប់ពីពេលនេះរហូតដល់ចុងរដូវពងកូននាដំណាច់ខែ តុលា ខាងមុខ។
ចាប់ពីឆ្នាំ ២០០៤ ដល់ ២០២០ ក្រុមការពារសំបុកបានការពារសំបុកសត្វត្រយ៉ងបានចំនួន ៤១៣សំបុក និងបានការពារកូនញាស់បានចំនួន ៦៤៩កូន នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជាដែលគ្របដណ្តប់លើដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រៃព្រះរកា និងឧទ្យានបេតិកភណ្ឌជាតិភ្នំត្បែង។ កាលពីឆ្នាំ ២០១៩ ក្រុមការពារសំបុកបានរកឃើញសំបុកសត្វត្រយងយក្សចំនួន ២២សំបុកនិងបានការពារកូនញាស់បានចំនួន ៣៥កូន។
អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តកម្មវិធីការពារសំបុកសត្វស្លាប (ដែលជាកម្មវិធីមួយរៀបចំឡើងដើម្បីទប់ស្កាត់បទល្មើសប្រមូលយកពងនិងកូនសត្វស្លាប) ហើយក្រោមកម្មវិធីនេះ ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារចំនួនពីរស្ថិតក្នុងតំបន់ខ្ពង់រាបភាគខាងជើងនេះ នឹងទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្តតាមលក្ខខណ្ឌព្រមព្រៀងមួយ ប្រសិនបើ ពួកគាត់បានរកឃើញសំបុកសត្វ អង្កេតតាមដាន និងការពារសំបុករហូតដល់កូនសត្វញាស់ហើរចេញដោយសុវត្ថិភាព។
ពីឆ្នាំ ២០០២ ដល់ ២០១៦ សំបុកសត្វចំនួន ៣.៨១៣សំបុក និងកូនញាស់ចំនួន ៦.៨០៦កូន ត្រូវបានការពារនៅទូទាំងតំបន់ខ្ពង់រាបភាគខាងជើងនេះ។
តំបន់ខ្ពង់រាបភាគខាងជើងគឺជាទីជម្រករបស់សត្វស្លាបជិត ៣០០ ប្រភេទ ដែលក្នុងនោះរួមមានប្រភេទសត្វជិតផុតពូជបំផុតចំនួន ៥ ប្រភេទ គឺ ត្រយងយក្ស (ជាបក្សីជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា) ត្រយងចង្កំកស ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ តំបន់នេះក៏ជាទីជម្រកដ៏សំខាន់សម្រាប់ការរស់រានរបស់ប្រភេទសត្វស្លាបទឹកដែលកំពុងរងការគំរាមកំហែងផងដែរ ដូចជា ទាព្រៃស្លាបស ពពូលទឹក និងក្រៀលក្បាលក្រហម៕ដោយ៖ សិលា