ខេត្តមណ្ឌលគិរី៖ មកដល់ម៉ោង៥ល្ងាច ថ្ងៃទី៣ ខែកុម្ភៈ សមត្ថកិច្ចបានរឹបអូសឈើខុសច្បាប់ចំនួន ជិត៣០០ កំណាត់ រថយន្តកែច្នៃមួយគ្រឿង និងរណាយន្តមួយគ្រឿង ពីផ្ទះលោក ស៊ូ ម៉ារិទ្ធ បន្ទាប់ពីធ្វើការឡោមព័ទ្ធអស់ជាច្រើនម៉ោង។ លោកស៊ូម៉ារិទ្ធ ជាអ្នកជាប់សង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្រោយពីមានរថយន្តដឹកឈើបើកចូលទីតាំងផ្ទះរបស់លោកស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមា។

ប្រជាពលរដ្ឋដែលនៅក្បែរនោះបានឲ្យដឹងថាមុនពេលឡោមព័ទ្ធ គេឃើញសមត្ថកិច្ចធ្វើការដេញប្រម៉ាញ់រថយន្តដឹកឈើ១គ្រឿងតាមបណ្តោយផ្លូវជាតិលេខ៧៦ដោយរថយន្តដឹកឈើនោះព្យាយាមបើកគេចពីក្រុមសមត្ថកិច្ចព្រមទាំងបើកកៀររថយន្តរបស់មន្ត្រីសមត្ថកិច្ចដែលប្រដេញពីក្រោយទៀតផង។
ប្រភពបន្តថារថយន្តដឹកឈើនោះព្យាយាមបើករថដោយមិនបង្អង់ល្បើន ហើយថែមទាំងបង្កគ្រោះថ្នាក់បណ្ដាលអោយខូចខាតរថយន្តសមត្ថកិច្ចអាវុធហត្ថយ៉ាងដំណំរួចក៏បានបត់ចូលផ្ទះរបស់លោកស៊ូម៉ារឹទ្ធភ្លាមនោះក៏ឮសម្លេងបាញ់កាំភ្លើងគម្រាម១គ្រាប់ចេញពីផ្ទះនោះទៀតផង។
ក្រុមសមត្ថកិច្ចចម្រុះបានឡោមព័ទ្ធផ្ទះនោះចាប់ពី ម៉ោង១រសៀល រហូតដល់ម៉ោង៤ និង៤០ នាទីរសៀល ទើបព្រះរាជអាជ្ញាទៅដល់ បញ្ជាអោយកងកម្លាំ់ចូលសម្រុកចូល ក្នុងផ្ទះ ពិនិត្យឈើល្មើសច្បាប់។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ ឈើប្រណិតជិត៣០០ កំណាត់ រថយន្តកែច្នៃមួយគ្រឿង និងរណាយន្តមួយគ្រឿងផងដែរ។
សូមបញ្ជាក់ថា ពេលសមត្ថកិច្ចចូលទៅត្រួតពិនិត្យឈើក្នុងផ្ទះ លោកស៊ូម៉ារិទ្ធ អ្នកសារព័ត៌មានត្រូវបានម្ចាស់ផ្ទះ ហាមឃាត់ មិនអោយចូលថតយកព័ត៌មានក្នុងនោះទេ៕

ដោយ៖ ឦសាន










