ខេត្តកណ្តាល៖ ស្ត្រី២នាក់ម្នាក់ជាចោរលួចគោ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី៣-ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

គួរបញ្ជាក់ថា ស្ត្រីជាចោរខាងលើនេះបានធ្វើសកម្មភាពលួចគោញី សម្បុរស មួយក្បាល កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ហើយបានយកទៅលក់ឲ្យស្ត្រីម្នាក់ទៀតដែលជាអ្នកទទួលផលចោរកម្ម ដើម្បីកាត់កងលុយថ្លៃខ្ចីយកទៅលេងបៀរនាពេលកន្លងមក ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ស្ត្រីជាចោរលួចគោមានឈ្មោះ ទ្បាង ធីតា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ រីឯស្ត្រីជាអ្នកទទួលផលចោរកម្មនោះមានឈ្មោះ ជូរ ជឹងអាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ។ ចំណែកឯជនរងគ្រោះជាម្ចាស់គោឈ្មោះ សែម ធូ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជនរងគ្រោះបានដឹកសត្វគោញីរបស់ខ្លួនមួយក្បាល សម្បុរស ចេញពីក្រោលទៅចងឲ្យស៊ីស្មៅនៅខាងក្រោយផ្ទះ ។ បន្ទាប់ពីចងគោឲ្យស៊ីស្មៅហើយនោះជនរងគ្រោះមិនបាននៅមើលនោះទេ ពោលគឺបានដើរត្រឡប់ទៅផ្ទះវិញបាត់ទៅ រហូតដល់វេលាម៉ោង១១ថ្ងៃជនរងគ្រោះបានដើរទៅកន្លែងចងគោដើម្បីដឹកគោឲ្យទឹក ខណៈទៅដល់ស្រាប់តែបាត់គោមិនឃើញទោះបីជាតាមរកយ៉ាងណានៅតែមិនឃើញ ។
លោកអធិការបានបន្តទៀតថា ក្រោយមកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់កុង ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានជួយតាមរក រហូតប្រទះឃើញស្ត្រីខាងលើនេះកំពុងដឹកគោតាមផ្លូវក៏ឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ។ បន្ទាប់ពីសាកសួរសមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនស្ត្រីម្នាក់ទៀតដែលជាអ្នកទទួលផលចោរកម្ម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ ស្អាងជ័យ