ថៃ៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំបំផុត​មិនធ្លាប់មានចាប់តាំងពីឆ្នាំ​២០១៤មក

ចែករំលែក៖

ពលរដ្ឋថៃប្រមាណ​២ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំក្នុងទីក្រុងបាងកក កាលពីថ្ងៃទី​១៦ខែសីហា ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយទាមទារឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ។
តាមសារព័ត៌មានSputnik បានផ្សាយថា បើទោះបីមានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នា ប៉ុន្តែនៅមានពលរដ្ឋ ជាង​២ម៉ឺននាក់ ប្រមូលផ្តុំគ្នា នៅទីក្រុងបាងកកដើម្បីប្រឆាំងរដ្ឋាភិបាល។ នេះជាបាតុកម្មទ្រង់ទ្រាយធំបំផុត​មិនធ្លាប់មានចាប់តាំងពីឆ្នាំ​២០១៤មក ក្រោយការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា​។សមាជិកនៃចលនាយុវជនសេរីដឹកនាំដោយក្រុមនិស្សិត សិស្ស​ បានបញ្ជាក់ថា មានមនុស្សជិត​២ម៉ឺននាក់​បានចុះឈ្មោះ​ ស្នើឲ្យ សរសេររដ្ឋធម្មនុញ្ញឡើងវិញ ​ដែលបានអនុម័ត ក្នុងអំឡុងឆ្នាំ​២០១៤-២០១៩។
ក្រុមបាតុករ​បានលើកឡើងថា ច្បាប់រដ្ឋធម្មនុញ្ញដែលសរសេរព្រាងច្បាប់ដោយកម្លាំងយោធា​ ក្នុងគោលដៅជួយឲ្យលោក ប្រាយុទ្ធ ចាន់អូចា កាន់អំណាច​ ​ក្រោយការបោះឆ្នោ​កាលពីឆ្នាំកន្លងមក ជាមួយគ្នានោះសមាជិកកម្លាំងយោធាកាន់តំណែងសំខាន់ៗនៅក្នុងជួរដ្ឋាភិបាល។
ក្រុមបាតុកម្មបានទាមទារឲ្យនាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែង និងរំលាយរដ្ឋសភា ជាការបើកផ្លូវរៀបចំបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី​ដែលមិនរងសម្ពាធពីកម្លាំងយោធា៕ ដោយ៖ ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print