ភ្នំពេញ ៖ បច្ចុប្បន្ននេះ អាជីវករលក់សត្វចង្រិត ក្នុងខេត្តក្រចេះ អាចលក់ទៅឲ្យអតិថិជនបានក្នុង១គីឡូក្រាម តម្លៃ១២ម៉ឺនរៀល ដោយចង្រិតនោះមានរសជាតិឈ្ងុយឆ្ងាញ់ ហើយសម្បូរភាគច្រើនតែ ក្នុងរដូវវស្សាធ្លាក់ភ្លៀងសត្វចង្រិតទាំងនោះចាប់ផ្តើមចេញរកស៊ីនាពេលរាត្រី ដោយមិនមែនជាចង្រិតចិញ្ចឹមរបស់ប្រជាពលរដ្ឋនោះឡើយ គឺជាក់ស្ដែងនៅក្នុងខែ វិច្ឆិកា , ខែធ្នូ ជារដូវចង្រិតពង រហូតដល់ខែមិថុនាវិញ ។
ក្នុងឱកាសនោះ ដែលប្រជាពលរដ្ឋអាចចាប់ចង្រិតរស់បានតាមរយៈ ការប្រើភ្លើងដាក់តាមវាលស្រែនិងធ្វើអាង ដោយប្រើក្រណាត់ប្លាស្ទិកនៅពេលដែលចង្រិតហើរមកប៉ះក្រណាត់ប្លាស្ទិកនឹងធ្លាក់ចូលទឹកក្នុងអាង ដែលរៀបចំជាស្រេចនោះ។
ទាក់ទិននញ្ហានេះដែរ អាជីវករម្នាក់ ដែលជាអ្នកលក់បង្កងធម្មជាតិនៅក្នុងភ្នំពេញ បាននិយាយថា “ដោយសារតែមានអ្នកទទួលទានច្រើនចំពោះចង្រិតដូងនេះ ទើបមានការកុម្ម៉ង់ច្រើនហើយប្រភពដើមចង្រិតរស់នេះ នាំចូលពីខេត្តក្រចេះជាប្រភេទចង្រិតធម្មជាតិ មិនមែនចង្រិតចិញ្ចឹមនោះទេ“។ អាជីវកម្មរូបនេះបន្តទៀតថា អាស្រ័យដោយការកុម្ម៉ង់ពីអតិថិជនច្រើនទើបស្តង់តម្រូវឲ្យកុម្ម៉ង់បន្តទៅអ្នកចាប់ចង្រិតរស់ឲ្យនាំចូលពីខេត្តក្រចេះទៅភ្នំពេញ ដោយប្រើរយៈពេលយូរៗម្តងពុំមានរាល់ថ្ងៃនោះទេ។ ការកុម្ម៉ង់ចង្រិតរស់នេះ ក្នុង១ដងអាចទទួលបានមកលក់ក្នុងស្តង់ចាប់ពី៦គីឡូក្រាមទៅ១២គីឡូក្រាម ដោយមានអ្នកកុម្ម៉ង់ចាប់ពី២គីឡូក្រាម ៤គីឡូក្រាមដល់៦គីឡូក្រាមជាប្រភេទចង្រិតដូង។
គួរបញ្ជាក់ថា សត្វចង្រិតដូង ត្រូវបានអ្នកដែលចូលចិត្តពិសារវា គឺគេតែងតែយកមកចម្អិនញាត់ជាមួយសណ្តែកដី ដើម្បីបំពងទើបមានរសជាតិឆ្ងាញ់ ហើយចង្រិតដូងនេះមានតម្លៃលក់ចេញក្នុង១គីឡូក្រាម១២ម៉ឺនរៀល។ បច្ចុប្បន្ននៅរដូវភ្លៀងធ្លាក់ចង្រិតសម្បូរភាគច្រើនក្នុងខេត្តក្រចេះ ដែលប្លែកពីប៉ុន្មានឆ្នាំមុនចង្រិតសម្បូរខ្លាំងនៅខេត្តកំពង់ធំ ដែលមានបរិមាណរាប់តោនផ្គត់ផ្គង់ក្នុងស្រុកផង និងធ្វើការនាំចេញទៅប្រទេសថៃតាមច្រកប៉ោយប៉ែតផងដែរ៕ដោយ៖សហការី