ដាច់កន្ត្រកជណ្តើរយន្តពីលើអគារកំពុងសាងសង់បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ដែលជិះជណ្តើរយន្តនៅក្នុងការដ្ឋានអគារកំពុងសាងសង់អតីតហាងម្ហូបចិនតាយតាយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១ព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០២០នៅទីតាំងផ្លូវព្រះមុនីវង្សកែងផ្លូវលេខលេខ២០០បក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វេហា ហៅ ម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិ ព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
និងទី២-ឈ្មោះ រ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ (របួសធ្ងន់)មានអាសយដ្ឋាន ភូមិ ព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ពេលកើតហេតុគេនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីឮសំឡេងលាន់សូរតែក្ឌាំងចេញពីក្នុងការដ្ឋានសំណង់ដែលកំពុងសាងសង់មានកម្ពស់ជាង១០ជាន់ ហើយភ្លាមៗនោះដែរក៏ឮសូរសម្រែកថាជួយផងៗ ទើបគេនាំគ្នារត់ទៅមើលហើយដឹងថាមានមនុស្សធ្លាក់នៅក្នុងជណ្ដើរយន្តពីជាន់លើបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាមៗអាជ្ញាធរមូលដ្ឋាននិងលោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញបានចុះមកដល់ទីតាំងកើតហេតុចាត់ចែងឲ្យមន្ត្រីជំនាញធ្វើរបាយការណ៍ហៅមេការសំណង់រួមទាំងម្ចាស់ការដ្ឋានដើម្បីធ្វើកំណត់ហេតុ និងផ្អាកការសាងសង់ជាបណ្ដោះអាសន្នផងដែរ។ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់នោះត្រូវបានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជាបន្ទាន់។

បន្ទាប់ពីកើតហេតុអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានកម្លាំងជំនាញបង្កើតគណៈកម្មការចម្រុះពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print