«ភ្នំប្រាសាទ» ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ

ចែករំលែក៖

ភ្នំពេញ៖ ភ្នំប្រាសាទបើយោងតាមប្រភពពី ​Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានរៀបរាប់អោយដឹងថា៖ «ភ្នំប្រាសាទ»ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ ព្រោះជាភ្នំដែលគេអាចឃើញ​មាននៅសល់ខឿនប្រាសាទបុរាណស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក ព្រោះបានសាងសង់ឡើងពីប្រភេទឥដ្ឋដុត ក្នុងអំឡុងដើម សតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ពោលគឺ ស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១។

រូបរាងប្រាសាទដែលមានតម្លៃជាប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន​នេះត្រូវបានដួលរលំខូចខាតដោយការលបលួចគាស់រំលើងជីកកកាយ​រកវត្ថុបុរាណមានតម្លៃពីសំណាក់ទុច្ចរិតជននៅ​ចុងឆ្នាំ១៩៨៣។ លុះដើមឆ្នាំ១៩៨៤ ប្រាសាទនេះបានដួលរលំបាក់បែក​ទាំងស្រុង គួរឱ្យសោកសង្វេគ។ មិនដឹងថានៅមានសល់ផ្តែរ និងបល្ល័ង្គឬទេ ហើយបច្ចុប្បន្នក៏មិនដឹងថា គេរក្សាទុក​នៅឯណា​ដែរ។ សំណួរនេះផ្តល់ឱកាសដល់យុវជនសិក្សា និងស្រាវជ្រាវ។ ។

ភ្នំប្រាសាទលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០០ហិកតា និងមាន​កំពស់ ជាង ៣០០ម៉ែត្រ។ ភ្នំប្រាសាទស្ថិតនៅភូមិភ្នំប្រាសាទ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ ភ្នំនេះ ជាប្រភេទភ្នំដីគ្រួសក្រហម និងថ្ម បាយក្រៀមដែលបានកើតចេញពីបាតុភូតបន្ទុះភ្នំភ្លើង​។

តំបន់ភ្នំប្រាសាទ ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ១០៦ ជាសម្បត្តិបេតិកភណ្ឌជាតិ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តែមិនទាន់មាន​បោះបង្គោលព្រំប្រទល់ដោយមានកំណត់​និយាមកាច្បាស់លាស់ និង​ចុះ​បញ្ជីជាដីសាធារណ:របស់រដ្ឋនៅឡើយទេ។ សូមបញ្ជាក់ថា រដ្ឋាភិបាល​ចេញ​លិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធរក្សាទុកតំបន់សា្ថនីយបុរាណ​ចំនួន១៧៣ទីតាំង នៅតាមតំបន់ភ្នំ ក្នុង​ និងក្រៅតំបន់ការពារធម្ម​ជាតិ​ ជាតំបន់អភិរក្សបេតិកភណ្ឌសម្រាប់កេរ្តិ៍មរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំប្រាសាទផងដែរ។

ក្រុមការងារបានចុះទៅដល់ទីតាំងដែលមានគ្រឹះប្រាសាទបុរាណ​នេះ នៅខែកក្កដា ឆ្នាំ២០១៩ និងសូមជូនពរអ្នកអានគ្រប់រូប​សូមជួប​ប្រទះ​នូវសុខភាពល្អ និងសុភមង្គល៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print