អន្តរជាតិ៖ តាមសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានចែករំលែកអំណាចដល់ជំនួយការផ្ទាល់របស់លោកគឺ ប្អូនស្រីបង្កើត លោកស្រី Kim Yo Jong ។
សារព័ត៌មានយ៉ុងហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកិច្ចបញ្ជាក់ថា «បច្ចុប្បន្នលោកស្រី Kim Yo Jong អនុប្រធានគណៈកម្មការទី១នៃបក្សពលករកូរ៉េខាងជើង (WPK) ទទួលបន្ទុកកិច្ចការប្រទេសជាតិដែលមានសិទ្ធអំណាចពេញលេញ។
លោកស្រី Kim Yo Jong ទទួលបន្ទុកអំពីទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងអាមេរិក ។ តាមសារព័ត៌មានយ៉ុងហាប់លោកស្រី Kim Yo Jong គឺជាបុគ្គលមានអំណាចទីពីរ នៅក្នុងប្រទេសកូរ៉េខាងជើង។
ជាមួយគ្នានេះដែរ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីកូរ៉េខាងជើងលោក Kim Tok Hun និងជាអនុប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ លោក Pak Pong Ju ត្រូវបានលោក គីមជុងអ៊ុន ចាត់តាំងឱ្យគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេស។ ចំណែកមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក្នុងកម្លាំងយោធា ទទួលបន្ទុកកិច្ចការ ការពារជាតិ៕