ខេត្តកំពង់ធំ ÷ មន្រ្តីនគរបាលពាក់ស័ក្តិ៣នៅខេត្តកំពង់ធំម្នាក់ ត្រូវប្រពន្ធដើមដែលមានកូន២នាក់រស់នៅក្នុងបន្ទុកដោយរស់នៅទាំងត្រដាបត្រដួស បានទទូចស្នើសុំថ្នាក់លើជួយរកយុត្តិធម៌ ខណ:ប្តីកំហូចទៅរៀបការជាមួយស្រីថ្មីទុកឲ្យគ្រួសារដោះបំណុលគេរីងខ្លួន។
តាមស្រ្តីឈ្មោះម៉ៃ ម៉ាឡែន រស់នៅភូមិពង្ររលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ខេត្ត កំពង់ធំ ជាប្រពន្ធស្របច្បាប់លោកអនុសេនីយ៍ឯក ប៉ែនចាន់ មន្ត្រីនគបាលពាក់ស័ក្តិ៣ នៅប៉ុសិ៍្តនគរបាលរដ្ឋបាលក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរៀបរាប់សុំឲ្យថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំជួយរកយុត្តិធម៌ជាពិសេសលោកស្នងការនគរបាលខេត្តស្តីទីថា ប្តីគាត់គឺលោកអនុសេនីយ៍ឯក ប៉ែនចាន់បានលួច ផិតក្បត់មានសហាយស្មន់ជាមួយនឹងស្រ្តីជាគ្រូបង្រៀនម្នាក់ រស់នៅភូមិឃុំជាមួយគ្នាខាងលើ ហើយ ទុកប្រពន្ធនិងកូនពីរនាក់ លើបន្ទុកគាត់ជាប្រពន្ធដើមចិញ្ចឹម ពោលគឺប្តីមានចេតនាឱ្យប្រពន្ធដើមនិងកូន ដើម្បីដោះបំណុលធនាគារ ឯកជនចំនួន១ម៉ឺនដុល្លារ ទាំងដែលគាត់និងកូនគ្មានមុខរបរអ្វីផងនោះ។
រឿងដែលគាត់ ជំពាក់លុយធនាគារនោះ គឺប្តីយកប្លង់ដី ទៅខ្ចីលុយធនាគារដើម្បីមើលជំងឺ(ប្តី)ដែលឈឺកន្លងទៅជិតស្លាប់ជិតរស់ តែដល់មើលជំងឺជាហើយ លុយដែលនៅសេសសល់ បែរជាលោក ប៉ែនចាន់ ចុះចោលកូននិងប្រពន្ធ ហើយយកលុយដែលនៅសេសសល់នោះ ទៅរៀបការជាមួយស្រីថ្មីដែល ជាគ្រូបង្រៀនទុកឱ្យប្រពន្ធនិងកូនសងលុយធនាគារជំនួស។ ដូច្នេះសូមលោក ស្នងការស្តីទី ជួយរកយុត្តិធម៌ឱ្យគាត់ជាប្រពន្ធដើមផងព្រោះពេលនេះគាត់គ្មានអ្វីជាទីពឹងដើម្បីសងបំណុលគេនោះទេ។ល។
ទាក់ទិនការរៀបរាប់ខាងលើនេះអង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្តមិនអាចសុំការបញ្ជាក់ពីលោកអនុសេនីយ៍ឯក ប៉ែនចាន់និងលោកស្នងការស្តីទេខេត្តកំពង់ធំបានទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង ៕
ដោយ÷ប្រាថ្នា